កំពង់ផែក្រុងព្រះសីហនុ គ្រោងនឹងបំពាក់នូវដងស្ទូចបន្ថែម ដើម្បីពង្រីកការនាំចេញអង្ករកម្ពុជាឱ្យដល់២ម៉ឺនតោននាពេលខាងមុខ ខណៈបច្ចុប្បន្នកំពង់ផែ និងសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងបើកកិច្ចពិភាក្សារួមគ្នា ដើម្បីឈានទៅពន្លឿនលើដំណើរការនេះ។
នេះបើយោងតាមនៅក្នុងដំណើរទស្សនៈកិច្ច និងកិច្ចពិភាក្សាការងាររវាងឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃចុងសប្តាហ៍។
នាឱកាសនោះ លោក លូ គឹមឈន់ បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកដែលជាអតិថិជនធំរបស់កំពង់ផែក្រុងព្រះសីហនុ ដែលបានប្រើប្រាស់កំពង់ផែនេះដើម្បីនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ រហូតជាង៩៥%។
ជាងនេះទៀត នៅក្នុងដំណើទស្សនៈកិច្ចនេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា និងកំពង់ផែក្រុងព្រះសីហនុ ក៏បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការពង្រីកសក្តានុពលនៃការនាំចេញអង្ករកម្ពុជា ដោយប្រើប្រាស់មធ្យោបាយមិនប្រើប្រាស់សំបកកុងតែន័រ (ដឹករាយ) ដែលភាគីកំពង់ផែក្រុងព្រះសីហនុនឹងពិនិត្យលទ្ធភាព បំពាក់នូវដងស្ទូចបន្ថែម និងផ្តល់ទីតាំងឃ្លាំងដែលអនុញ្ញាត្តិអោយប្រមូលផ្តុំអង្ករមុនកប៉ាល់មកដល់ដែលអាចផ្តល់លទ្ធភាពឱ្យកម្ពុជានាំចេញអង្កររាយ ចាប់ពី៦០០០តោន ដល់ ២០០០០តោនក្នុងមួយកប៉ាលនាពេលដ៍ខ្លីខាងមុខ។
សូមរម្លឹកដែរថា ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៩០០លានដុល្លារពីការនាំចេញអង្ករ ប្រមាណជាង២៤ម៉ឺនតោន និងស្រូវជាង២លានតោន ទៅកាន់ទីផ្សារ ៦០ ប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤៕ អត្ថបទ៖ រង្សី