សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើជាប្រធានដឹកនាំសន្និសីទអន្តរជាតិ ICAPP ប្រចាំឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

សម្តេច ធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងធ្វើជាប្រធានដឹកនាំ «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី»(ICAPP) ប្រចាំឆ្នាំ២០២៤ ខាងមុខនេះ ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្តីប្រកាស គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថាសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើជាប្រធានដឹកនាំ «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តា គណបក្សនយោបាយនៅអាស៊ី» (12 ICAPP GA) (អាណត្តិឆ្នាំ២០២៤-២០២៥) ដែលនឹងប្រព្រឹត្តទៅនៅ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ដែរថា នៅក្នុងជំនួបជាមួយ លោក ជុង អីយ៉ុង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល កម្ពុជា-កូរ៉េខាងត្បូង ក៏បានពិភាក្សាអំពីការត្រៀមរៀបចំធ្វើជា ម្ចាស់ផ្ទះមហាសន្និបាត ICAPP លើកទី១២ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ វេទិកាសារព័ត៌មាន ICAPP លើកទី៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីគណបក្សនយោបាយនៅអាស៊ី និងតំណាង ក្រុមគណបក្សនយោបាយជាដៃគូមកពីតំបន់អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន។

សូមជម្រាបជូនផងដែរថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សទីមួយនៅក្នុងគ្រួសារ ICAPP ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន ២លើក ក្នុងនោះកម្ពុជាបានទទួលធ្វើជា ម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៦ កាលពីឆ្នាំ២០១០ ក្រោមប្រធានបទ “ស្វែងរកអនាគត កាន់តែប្រសើរសម្រាប់អាស៊ី (Asia’s Quest for a Better Tomorrow) និងមហាសន្និបាត ICAPP លើក ទី១២ នាឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ “ការស្វែងរកសន្តិភាពនិងការផ្សះផ្សា (A Quest for Peace and Reconciliation) ៕ អត្ថបទ៖ រង្សី