បន្ទាប់ពីមរណភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ក្នុងឧប្បទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី២០ ខែឧសភា ពេលនេះរដ្ឋាភិបាលអ៊ីរ៉ង់ បានកំណត់ថ្ងៃច្បាស់លាស់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីហើយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសមេដឹកនាំអ៊ីរ៉ង់ថ្មី នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនាខាងមុខ ខណៈរដ្ឋាភិបាលបើកទទួលការដាក់ពាក្យជាបេក្ខភាពប្រធានាធិបតី នឹងធ្វើឡើងពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា។
ក្រោយបេក្ខភាពប្រធានាធិបតី ត្រូវបានសម្រេចជាផ្លូវការ ការឃោសនារកសន្លឹកឆ្នោតនឹងចាប់ផ្ដើម ចន្លោះពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៧ ខែមិថុនា។
សូមជម្រាបដែរថា បើទោះជាបច្ចុប្បន្ន បេក្ខភាពប្រធានាធិបតីអ៊ីរ៉ង់ នៅមិនទាន់បង្ហាញមុខជាផ្លូវការក្ដី ក៏ប៉ុន្តែមានក្ដីរំពឹងទុកខ្ពស់ថា អនុប្រធានាធិបតីទីមួយគឺលោក Mohammad Mokhber ទំនងអាចឡើងបន្តតំណែងជាប្រធានាធិបតីអ៊ីរ៉ង់ ស្របពេលបច្ចុប្បន្ន លោកក៏កំពុងកាន់តំណែងជាប្រធានាធិបតីស្ដីទីផងដែរ៕