យោងតាមរដ្ឋមន្ត្រីសម្របសម្រួលការវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី លោក Luhot Binsar Pandjaitan បាននិយាយកាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅថា រដ្ឋាភិបាលប្រទេសរបស់ខ្លួន បានស្នើសុំឲ្យក្រុមហ៊ុនរថយន្តអគ្គិសនី Tesla សាងសង់រោងចក្រផលិតអាគុយរថយន្ត EV នៅក្នុងប្រទេសរបស់ខ្លួន។
ជុំវិញការស្នើសុំនេះ ត្រូវបានធ្វើឡើង អំឡុងពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានជួបជាមួយប្រធានាធិបតី លោក Joko Widodo នៅកោះបាលី ដើម្បីបើកសម្ពោធការដាក់ពង្រាយប្រព័ន្ធសេវាអ៊ីនធឺណិតតាមរយ:ផ្កាយរណបStarlink របស់ក្រុមហ៊ុន SpaceX ។
គួរឲ្យដឹងផងដែរថា ឥណ្ឌូណេស៊ីចង់បង្កើតឧស្សាហកម្មដែលអាចទាញយកធនធានធម្មជាតិរបស់ខ្លួន ដូចជារ៉ែនីកែលជាដើម ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់ការផលិតអាគុយរថយន្ត EV និងបន្ទះស្រូបពន្លឺព្រះអាទិត្យផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានកំណត់គោលដៅផលិតរថយន្តអគ្គិសនី ឲ្យបានចំនួន ៦០០ ០០០ គ្រឿង នៅឆ្នាំ២០៣០ និងថែមទាំងបានដាក់ក្តីរំពឹងទៀតថានៅឆ្នាំ២០២៧ រថយន្តអគ្គិសនី និងគ្រឿងបន្លាស់ដែលពាក់ព័ន្ធនឹងរថយន្តអគ្គិសនី នឹងត្រូវផលិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីទាំងស្រុង៕