លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអបនាយករដ្ឋមន្រ្តី និងជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា គិតមកទល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានអាយុគម្រប់៩ខែគត់ ដែលសម្រេចបានសមិទ្ធផលក្នុងប្រទេសសំខាន់ៗចំនួន៥។
លោកលើកឡើងបែបនេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី៣ ស្តីពីសមិទ្ធផលការងារសំខាន់ៗក្នុងត្រីមាសទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
ថ្លែងនៅក្នុងវេទិកាលោក ប៉ែន បូណា បានបញ្ជាក់ថា សមិទ្ធផលក្នុងប្រទេសរយៈពេល៩ខែ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបាននូវសមិទ្ធផលសំខាន់ចំនួន៥ រួមមាន÷
សមិទ្ធផលទី១, គឺសុខសន្តិភាព សុខសន្តិភាពដែលជាកត្តាចម្បងជាងគេបំផុតក្នុងការអភិវឌ្ឍប្រទេស ដោយសម្តេចធិបតីបានពូនជ្រុំឲ្យកាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។សុខសន្តិភាព និងស្ថេរភាពនយោបាយនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានលំនឹងចិត្តនិងមានឱកាសប្រកបការងារ ប្រកបមុខរបរផ្សេងៗដើម្បីបង្កើនជីវភាពគ្រួសារ។
សមិទ្ធផលទី២៖ ការងើបស្ទុះឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ១៩ ដោយសម្តេចធិបតីបានខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចកម្ពុជាស្ទុះឡើង។ដោយរបាយការណ៍ចេញពីវិទ្យាស្ថានមួយនៃប្រទេសឥណ្ឌូនេស៊ីបានបង្ហាញថាសេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករណ៍ថាមានសន្ទុះងើបឡើងលឿនជាងគេនៅក្នុងតំបន់អាស៊ានក្នុងឆ្នាំ២០២៤នេះ គឺឈរលំដាប់ទី១ ហើយនិងឈរលំដាប់ទី៣ ក្នុងចំណោម២០ប្រទេសក្នុងតំបន់អាស៊ីដែលគេចាត់ទុកថាមានសេដ្ឋកិច្ចលូតលាស់ខ្លាំងក្រោយពីវិបត្តិកូវីដ១៩។លទ្ធផលដ៏គួរឲ្យមោទនបែបនេះមិនមែនកើតឡើងដោយចៃដន្យទេ ក៏ប៉ុន្តែវាគឺជាផ្លែផ្កានៃសុខសន្តិភាព កិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
សមិទ្ធផលទី៣, មុំទាំង៥នៃយុទ្ធសាស្រ្តបញ្ចកោណកំពុងតែបានអនុវត្ត ហើយបានទទួលផ្លែផ្កាជាបន្តបន្ទាប់ជូនជាតិ និងប្រជាពលរដ្ឋ។ចំណែកកម្មវិធីអទិភាពគោលនយោបាយ៦ចំណុច ដែលសម្តេចធិបតីបានប្រកាសដាក់ចេញបន្ទាន់ដើម្បីគាំពារប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យក៏កំពុងតែមានវឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់ជាទីទុកចិត្ត។
សមិទ្ធផលទី៤, ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាមួយនិងប្រជាពលរដ្ឋក្នុងរយៈពេល៩ខែ សម្តេចធិបតី បានជួបជាមួយកម្មករ កម្មការនី អ្នកសារព័ត៌មាន សិល្បករ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សរុបជាង១០០លើក បើគិតជាភាគរយស្ទើតែ៤០% នៃពេលវេលាសម្តេចធិបតីនៅជាមួយប្រជាពលរដ្ឋ ដោយមិនរាប់ទំនាក់ទំនងដែលសម្តេចធិបតីតែងតែធ្វើតាមបណ្តាញសង្គមនានា ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនោះទេ។តាមរយៈសូចនាករនេះ អាចនិយាយបានថានាយករដ្ឋមន្រ្តីកម្ពុជាជាមេដឹកនាំដែលជួបជាមួយប្រជាពលរដ្ឋច្រើនបំផុតមួយ ដែលគេកម្រឃើញនៅក្នុងពិភពលោក។
និងសមិទ្ធផលទី៥, ជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយទៀតនៅក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល នោះគឺគម្រោងព្រែកជីកហ្វូណនតេជោ ដែលពេលនេះកំពុងឈានទៅរកការបើកការដ្ឋានក្នុងពេលឆាប់ៗនេះ ដែលបានផ្តួចផ្តើមឡើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយពេលនេះសម្តេចធិបតីក៏កំពុងដឹកនាំ និងដើម្បីជីកព្រែកនេះ ដែលផ្តល់ផលប្រយោជន៍យូរអង្វែងសម្រាប់កូនខ្មែរតជំនាន់ទៅមុខទៀត ក្រោមសន្ទុះគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងទូទាំងប្រទេស៕