លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងភរិយារបស់លោក គឺអ្នកឧកញ៉ា គៀន ស្រីនាង នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីអភិសេករូបសំណាក ព្រះស្កន្ទគង់លើក្ងោក តម្លៃប្រមាណ ៥០ម៉ឺនដុល្លារ ស្ថិតនៅភូមិចំណុចប្រសព្វវិថី ២ធ្នូ និងវិថីសម្តេចតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពិធីអភិសេកព្រះបដិមាខាងលើនេះ ប្រារព្វឡើងក្រោមអធិបតីភាព សម្តេចគត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មួយចំនួនទៀត។
ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា នៅកន្លែង រូបសំណាកតោពីរ បដិមាព្រះថោងនាងនាគ បដិមាព្រះឧមាមហេសូ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ បន្ទាប់មកនិមន្ត សម្តេចសង្ឃ និងព្រះសង្ឃ ប្រោះព្រំ «ថ្មសុភមង្គល» ផងដែរ។
លោកបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានបញ្ជាក់ថា រូបសំណាកព្រះស្កន្ទគង់លើក្ងោក គឺដឹកនាំ និងរៀបចំឡើងដោយគណៈកម្មាធិការ និងគ្រប់គ្រងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ លោកបណ្ឌិត បន្ថែមថារូបសំណាកនេះមានកម្ពស់ ៦,១៨ម៉ែត្រ និងបល្ល័ង្គកម្ពស់ ៦,១៨ម៉ែត្រ កម្ពស់សរុប ១២,៣៦ម៉ែត្រ គឺធ្វើឡើងពីស្ពាន់សុទ្ធសាធ ដែលចំណាយថវិកាសរុបទាំងអស់ប្រមាណ ៥០ម៉ឺនដុល្លារ។
សូមបញ្ជាក់ថា រូបសំណាកព្រះបដិមាព្រះស្កន្ទគង់លើក្ងោក ដែលបានធ្វើពិធីអភិសេកនេះ គឺជារូបសំណាកទី៤ហើយ ដែលមានវត្តមាននៅក្នុងទឹកដីខេត្តព្រះសីហនុ និងសុទ្ធសឹងតែធ្វើឡើងពីស្ពាន់ទាំងអស់។ រូបសំណាក៣ទៀតរួមមាន រូបសំណាកព្រះថោងនាងនាគ មានទំហំធំនិងកម្ពស់ខ្ពស់ជាងគេដល់ទៅជាង ២៧ម៉ែត្រ ត្រូវបានដំឡើងនៅទីប្រសព្វគ្នារវាងមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម, រូបបដិមាសីហរាជមុខបី មានកម្ពស់ជាង ១៥ម៉ែត្រ ស្ថិតនៅទីប្រសព្វគ្នារវាងវិថីជោត្តញ្ញាណ និងផ្លូវជាតិលេខ៤ និងរូបបដិមាព្រះឧមា-មហេសូរ កម្ពស់ជាង១៧ម៉ែត្រ ស្ថិតនៅទីប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីរាម៕