បទ « ព្រែកជីកហ្វូណនតេជោ » របស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ទាក់ទាញខ្លាំងត្រឹម16ម៉ោង មានអ្នកទស្សនាជាង១លានដង ក្នុងផេកសម្ដេចធិបតី !

ជុំវិញ​ឧកញ៉ា

គ្រាន់តែបទចម្រៀងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « ព្រែកជីកហ្វូណនតេជោ » ចេញជាផ្លូវការភ្លាម គឺពិតជាមានការទាក់ទាញខ្លាំង ទាំងបទភ្លេង និងអត្ថន័យនៃបទចម្រៀង ជាក់ស្តែងមិនទាន់បានមួយថ្ងៃស្រូលបួលផង មានអ្នកចូលទស្សនារាប់លាននាក់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទចម្រៀង « ព្រែកជីកហ្វូណនតេជោ » គឺនិពន្ធ Melody និទំនុកច្រៀងដោយលោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសរបស់លោក ខេមរៈ សិរីមន្ត ផ្ទាល់តែម្តង ដែលគ្រប់គ្រងការផលិតដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។

បទចម្រៀងនេះក៏បានផុសនៅលើផេកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរកាលពីម្សិលមិញនេះ ជាក់ស្តែងត្រឹមតែមួយថ្ងៃគឺមានចំនួនអ្នកចូលទស្សនារហូតដល់ទៅរាប់លានដងឯណោះ ជាពិសេសគឺបទចម្រៀងនេះទទួលបានការសរសើរច្រើនពីមហាជន ដោយសារតែក្នុងអត្ថន័យនៃបទចម្រៀងមួយបទនេះ គឺរៀបរាប់យ៉ាងលំអិតពីតំបន់ និងសារប្រយោជន៍ពីព្រែកជីកហ្វូណនតេជោ ។  

កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានសម្តែងនូវការរីករាយជាខ្លាំងថា « ពិតជារំភើបណាស់បទថ្មី « ព្រែកជីកហ្វូណនតេជោ » ១៦ ម៉ោង ១ M ក្នុងផេកសម្តេចធិបតី គោរពអរគុណពុកម៉ែពូមីង បងប្អូនទាំងអស់ » ។

ក្រៅពីចេញបទចម្រៀង « ព្រែកជីកហ្វូណនតេជោ » កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានទំលាក់បទចម្រៀងថ្មីមួយទៀតផងដែរនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ដែលមានចំណងជើងថា « គួរទៅខេត្តណាទើបអាចភ្លេចអូនបាន » ដែលបទចម្រៀងមួយបទនេះ ពិតជាពិរោះ រណ្តំចិត្ត គួរឱ្យចង់ស្តាប់ ត្រូវចិត្តយុវវ័យដែលកំពុងមានស្នេហាតែម្តង បើបានស្តាប់ហើយ ធានាថា ស្លុងអារម្មណ៍ទៅតាមអត្ថន័យនៃបទចម្រៀងតែម្តង ៕