ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក លោក Schwab ប្រកាសលែលាងពីតំណែងជា CEO

អន្តរជាតិ

លោក Klaus Schwab ដែលជាស្ថាបនិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក ហៅកាត់ WEF នឹងលាលែងចេញពីតំណែងជានាយកប្រតិបត្តិ នៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

WEF ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាស្ថាប័នរៀបចំកិច្ចប្រជុំប្រចាំឆ្នាំដ៏ធំបំផុតមួយ នៃបណ្តាឥស្សរជនល្បីល្បាញជុំវិញពិភពលោកដែលមានទ្រព្យសម្បត្តិ និងមានឥទ្ធិពល នៅទីក្រុង Davos ប្រទេសស្វីស បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែឧសភាកន្លងទៅថា លោក Schwab នឹងផ្លាស់ប្តូរពីតំណែងជានាយកប្រតិបត្តិ ទៅជាប្រធានក្រុមប្រឹក្សាភិបាលវិញ នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ជុំវិញការចាកចេញរបស់លោក Schwab ពីតំណែងខាងលើនេះ ខាង WEF ហាក់នៅមិនទាន់បានធ្វើការបញ្ជាក់ច្បាស់លាស់ ថានរណានឹងត្រូវចូលមកកាន់តំណែងនេះវិញនៅឡើយទេ។ ប៉ុន្តេយ៉ាងណា វាត្រូវបានគេយល់ឃើញថា លោក Borge Brende ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធាន និងធ្លាប់ជាអតីតរដ្ឋមន្ត្រីការបរទេសន័រវេសផងនោះ អាចនឹងចូលមកជំនួសលោក Schwab។

ជម្រាបជូនផងដែរថា វេទិកាសេដ្ឋកិច្ចពិភពដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនេះ បច្ចុប្បន្នមានបុគ្គលិកសរុបប្រហែល ៨០០ នាក់នៅទូទាំងពិភពលោក និងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំចំនួនប្រមាណ ៤៤៧លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធចុងក្រោយនេះ។ ស្របពេលស្ថាប័នដ៏ធំនេះ បាននិយាយថា ខ្លួនបាននិងកំពុងផ្លាស់ប្តូរពីវេទិកាប្រជុំ ទៅជាវេទិកាឈានមុខគេនៅលើពិភពលោក សម្រាប់បម្រើដល់កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន៕