លំនៅឋានឯកជនក្នុងប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់ថ្លៃដាច់គេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

អន្តរជាតិ

លំនៅឋានឯកជន នៅក្នុងប្រទេសសិង្ហបុរី បន្តជាប់ចំណាត់ថ្នាក់ថ្លៃជាងគេបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់រយ:ពេលពីរឆ្នាំជាប់ៗគ្នា។ នេះបើតាមរបាយការណ៍ទទួលបានពីវិទ្យាស្ថានទីក្រុង ហៅកាត់ (ULI) ចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ULI បានបង្ហាញថា តម្លៃជាមធ្យមនៃផ្ទះឯកជនរបស់ប្រទេសសិង្ហបុរី មានតម្លៃប្រមាណ ១,៣លានដុល្លារ គិតក្នុងឆ្នាំ២០២៣ ដែលជាតម្លៃថ្លៃបំផុត ក្នុងចំណោមទីក្រុងចំនួន ៤៨ នៅក្នុងប្រទេសចំនួន ១១ ដែលវិទ្យាស្ថានបានធ្វើការសិក្សា។

ប្រភពដដែលនេះ បានឲ្យដឹងទៀតថា ទីក្រុងហុងកុង ជាប់ចំណាត់ថ្នាក់ទី២ ដោយតម្លៃផ្ទះឯកជនជាមធ្យម ១,១៥លានដុល្លារ និងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដែលមានតម្លៃជាមធ្យម ១,០៦លានដុល្លារ ជាប់ចំណាត់ថ្នាក់ទី៣។

យ៉ាងណាមិញ បើនិយាយពីតម្លៃក្នុងមួយម៉ែត្រការ៉េ ហុងកុង គឺជាទីផ្សារលំនៅដ្ឋានឯកជនដែលមានតម្លៃថ្លៃជាងគេ នៅក្នុងតំបន់ ជាមួយនឹងតម្លៃជាមធ្យម ១៨ ៣៣១ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ទន្ទឹមនឹងនេះ សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ២ ដោយមានតម្លៃជាមធ្យម ១១ ៧៤៩ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងទីក្រុង Shenzhen ប្រទេសចិន ដែលមានតម្លៃជាមធ្យម ១០ ១៤២ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕