យោងតាមការិយាល័យប្រធានធិបតីរបស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះថា ប្រទេសរបស់ខ្លួន បានប្រកាសបញ្ចេញកញ្ចប់ជំនួយថ្មីចំនួន ២៦ទ្រីលានវ៉ុន ឬស្មើនឹងប្រមាណ ១៩ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្មបន្ទះឈីបក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
នៅក្រោមកញ្ចប់ជំនួយថ្មីនេះ ប្រធានាធិបតីលោក Yoon Suk Yeol បាននិយាយថា រដ្ឋាភិបាលរបស់លោក ក៏បានរៀបចំកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ឧស្សាហកម្មបន្ទះឈីបដែលមានតម្លៃប្រហែល ១៧ពាន់ពាន់លានវ៉ុន ផ្សេងទៀត តាមរយៈធនាគារអភិវឌ្ឍកូរ៉េដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីគាំទ្រដល់ការវិនិយោគទ្រង់ទ្រាយធំ របស់ក្រុមហ៊ុនផលិតបន្ទះឈីប semiconductor កូរ៉េផងដែរ។
ទន្ទឹមនឹងនេះ ការិយាល័យប្រធានាធិបតីបាននិយាយទៀតថា លោក Yoon ក៏បានស្នើឲ្យក្រសួងឧស្សាហកម្មបង្កើតវិធានការប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងវិស័យបន្ទះឈីប ជាមួយនឹងបណ្តាប្រទេសជឿនលឿនផ្សេងទៀត។
ជម្រាបជូនផងដែរថា ចំពោះកញ្ចប់ជំនួយថ្មីចុងក្រោយនេះ គឺមានទំហំធំជាងផែនការចាស់ដែលបានដាក់បង្ហាញដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Choi Sang-mok កាលពីដើមខែនេះកន្លងទៅ នៅពេលដែលលោកបាននិយាយថារដ្ឋាភិបាលកំពុងកំណត់គោលដៅ សម្រាប់ការវិនិយោគបន្ទះឈីប និងកិច្ចការស្រាវជ្រាវដែលមានតម្លៃជាង ១០ទ្រីលានវ៉ុន៕