ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគ៤ ក្រោមទុនជាង២៤លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងវិនិយោគចំនួន ៤គម្រោង ត្រូវបានអនុម័តឱ្យបោះទុនវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ក្រោមទំហំទឹកប្រាក់ជាង២៤លានដុល្លារ។នេះបើតាមរដ្ឋបាលខេត្តកំពង់ស្ពឺឲ្យដឹង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងវិនិយោគទាំង៤នេះ ត្រូវបានអនុម័តដោយកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ។

បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ គម្រោងវិនិយោគចំនួន ៤គម្រោងត្រូវបានអនុម័តដោយកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមមាន៖

១. គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម (ប្រមូលវត្ថុធាតុដើមចាស់ៗក្នុងស្រុក) របស់ក្រុមហ៊ុន PARTY A RENEWABLE RESOURCE (CAMBODIA ) CO,. LTD.,

២.គម្រោងបង្កើតរោងចក្រផលិតថ្នាំលាបពណ៌គ្រប់ប្រភេទ ម្សៅការពារច្រេះ និងម្សៅបៀក របស់ក្រុមហ៊ុន REDLEAF INDUSTRY (CAMBODIA) CO.,LTD.,

៣. គម្រោងបង្កើតរោងចក្រផលិតអំពូលគ្រប់ប្រភេទ របស់ក្រុមហ៊ុន ZENITH LIGHTING (CAMBODIA) CO.,LTD.,

និង៤. គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងឧបករណ៍បរិក្ខាពេទ្យ (ឧបករណ៍សំអាតមាត់ ធ្មេញ) របស់ក្រុមហ៊ុន FLYCAT ELECTRICAL (CAMBODIA) CO.,LTD.

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានគូសបញ្ជាក់ថា គម្រោងទាំង៤ខាងលើនេះ មានទុនវិនិយោគសរុបប្រមាណ ២៤ ៨៥៣ ៩១១ដុល្លាអាមេរិក និងបង្កើតបានការងារបន្ថែមចំនួនជាង ១២០០កន្លែងផងដែរ។

គម្រោងទាំង៤នេះ ឆ្លុះបញ្ចាំងអោយឃើញពីទំនុកចិត្តរបស់អ្នកវិនិយោគ ចំពោះកត្តាសន្តិភាព ស្ថេរភាពនយោបាយ ពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

សូមបញ្ជាក់ថាផងដែរថា ខេត្តកំពង់ស្ពឺជាខេត្តមួយដែលមានស្ថិតក្នុងចំណោមខេត្តដែលមានគម្រោងវិនិយោគរោងចក្រច្រើនជាងគេ។ហើយគម្រោងវិនិយោគមួយចំនួនទៀត នៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ រួមមានខេត្តកណ្តាល ខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុជាដើម៕