(ភ្នំពេញ)៖ ផលិតផល «Made in Cambodia» ស្តង់ដារគុណភាពពិភពលោករបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តវាយលុកទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ជាហូរហែ ដែលថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស ទើបតែចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនវៀតណាម BAO CHAU Import Export ដើម្បីសុំសិទ្ធនាំយកផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទៅដាក់លក់នៅលើទីផ្សាររបស់ខ្លួន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ។
អ្នកស្រី Nguyen Thi Ngoc Le នាយកគ្រប់គ្រងនៃក្រុមហ៊ុន BAO CHAU IMPORT EXPORT បានបញ្ជាក់ថា៖ «មូលហេតុដែលខ្ញុំជ្រើសរើសសហការជាដៃគូនាំចេញផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទៅដាក់លក់នៅលើទីផ្សារប្រទេសវៀតណាម ដោយសារតែ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលប្រើប្រាស់នូវបច្ចេកវិទ្យាស្តង់ដារ ជាពិសេសមាន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេ និងធំបង្អស់នៅកម្ពុជា។ នេះ ជាហេតុធ្វើឱ្យគាត់មានការទុកចិត្តថា ខ្មែរ ប៊ែវើរីជីស អាចជាដៃគូរកស៊ីបានយូរអង្វែង ហើយ សង្ឃឹមថានឹងមានឱកាសពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត។»
គួរបញ្ជាក់ថានេះ គឺជាលើកទី៣ហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែរវើរីស បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនបរទេសក្នុងការនាំយកផលិតផលរបស់ខ្លួន ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅស្រុក ខណៈដែលក្រុមហ៊ុន ក៏ទើបតែបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនម៉ាឡេស៊ី Kingsman Holdings SDN. BHD និងក្រុមហ៊ុនសិង្ហបុរី DC Logistics & Trading កាលពីពេលថ្មីៗនេះ៕