ឯកឧត្ដម វង សូត អនុប្រធានទី២រដ្ឋសភា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ បានផ្ញើសារលិខិតថ្លែងអំណរគុណ ជូនចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាកិត្តិយស ក្នុងពិធីចម្រើនអាយុវឌ្ឍនៈមង្គលគម្រប់ជន្មាយុ៩០ឆ្នាំ ឈានចូល៩១ឆ្នាំ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លិខិតថ្លែងអំណរគុណរបស់រដ្ឋសភាខាងលើ បានបញ្ជាក់បន្ថែមថា វត្តមានរបស់ លោកអ្នកឧកញ៉ា ប្រធានសមាគមឧកញ៉ាកម្ពុជា និងថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា បានផ្តល់នូវកិត្តិយស និងរួមចំណែកធ្វើឱ្យពិធីបុណ្យចម្រើនអាយុវឌ្ឍនៈមង្គល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រព្រឹត្តទៅយ៉ាងអធិកអធម។
ឯកឧត្ដម វង សូត អនុប្រធានទី២រដ្ឋសភា ក៏សូមជូនពរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំង លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា សម្តេចពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា និងបច្ចុប្បន្នជា ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឈានចូលដល់ជន្មាយុ ៩១ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខណៈដែលពិធីចម្រើនអាយុវឌ្ឍនៈមង្គល ត្រូវបានរៀបចំឡើងនៅភូមិគ្រឹះរបស់សម្តេចផ្ទាល់ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕