អ្នកឧកញ៉ា ម៉ៅ ចំណាន នាំយកថវិកាជូនភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកំពុងមានជំងឺប្រចាំកាយ

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា​ ម៉ៅ​ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីពេលថ្មីៗនេះ ​​បាន​ដឹកនាំក្រុមការងារ​អញ្ជើញ​ទៅសួរសុខទុក្ខ​ លោកយាយ ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកំពុង​មានជំងឺប្រចាំកាយជាច្រើនមុខ ជាពិសេសបញ្ហាឆ្អឹងខ្នងដែលធ្វើឱ្យលោកយាយមិនអាចដើរ ឬអង្គុយបាន ដោយ​កំពុងសម្រាកនៅផ្ទះកូនក្មួយនៅរាជធានីភ្នំពេញរង់ចាំការព្យាបាលបន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកជំទាវប្រធានសមាគមសិល្បករខ្មែរ បានសាកសួរអំពីអាការៈរបស់លោក​យាយ ខាវ ថងញ៉ុត ប្រកបដោយការព្រួយបារម្ភ ព្រមទាំងបានរិះរកមធ្យោបាយផ្សេងៗ ដើម្បីសម្រាលបន្ទុក​ចំណាយរបស់លោកយាយ ដែលបច្ចុប្បន្នមានវ័យរហូតដល់ ៨៥ឆ្នាំទៅហើយ និងកំពុងរស់តែពីរនាក់កូនស្រី ដែលមានវ័យ៧០ឆ្នាំហើយដែរនោះ។

ជាមួយគ្នានោះ លោកជំទាវក៏បាននាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ ​និងថវិការបស់លោកជំទាវឧកញ៉ា​ផ្ទាល់ ប្រគល់ជូនដល់លោកយាយ ខាវ ថងញ៉ុត​ ដើម្បីសម្រាលបន្ទុកចំណាយមួយផ្នែក និងដោយមើលឃើញថា ភរិយារបស់អធិរាជសំឡេងមាសជាអ្នកមានសទ្ធារក្សាសីលជាប្រចាំ លោកជំទាវក៏ជូននូវថវិកាដោយឡែក​សម្រាប់​លោកយាយធ្វើបុណ្យទានផងដែរ។

កាយវិការដ៏ប្រពៃរបស់ប្រធានសមាគមសិល្បករខ្មែរ ពិតមិនអាចធ្វើឱ្យភរិយាអធិរាជសំឡេងមាសរូបនេះ ទប់ទឹក​ភ្នែក​បានឡើយ។ លោកយាយបានបង្ហាញអារម្មណ៍រំភើបព្រមជាមួយនឹងពាក្យពេចន៍អរគុណ និងជូនពរចំពោះ​លោកជំទាវ​ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ​របស់​លោក​យាយដែលជាភរិយារបស់អទិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។

សូមជម្រាបថា បន្ទាប់ពី​ជាប់ឆ្នោត​ជា​ប្រធានសមាគម​សិល្បករខ្មែរ អាណត្តិទី៦ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ​​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដល់​សិល្បករ​ជំនាន់​មុនៗ​ ឬសិល្បករ​ចាស់ៗ​ដែលបាន​សន្សល់​កេរ្តិ៍មរតកស្នាដៃ ជាបន្តបន្ទាប់។ ជាក់ស្តែង កាលពី​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ​អ្នកឧកញ៉ា​ប្រធានសមាគម ក៏​បាន​ដឹកនាំ​ក្រុមការងារ​ អញ្ជើញទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ​ វីរសិល្បករចាប៉ីដងវែង​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផងដែរ៕