យោងទៅតាមសាលក្រមជាលាយលក្ខណ៍អក្សរកាលពីថ្ងៃទី២៤ ខែឧសភា តុលាការបានចេញដីការបង្គាប់ឲ្យប្អូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong គឺលោក Lee Hsien Yang បង់ប្រាក់ចំនួន ៤០០ ០០០ដុល្លារសិង្ហបុរី (២៩៦ ០០០ដុល្លារអាមេរិក) ទៅកាន់រដ្ឋមន្ត្រីរដ្ឋាភិបាលពីរូប ក្នុងសំណុំរឿងបរិហារកេរ្តិ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
លោក Goh Yihan ចៅក្រមនៅតុលាការកំពូលសិង្ហបុរី បានលើកឡើងថាលោក Lee Hsien Yang បានធ្វើការចោទប្រកាន់បែបបរិហាកេរ្តិ៍ ប្រឆាំងនឹងរដ្ឋមន្ត្រីសិង្ហបុរីពីររូប បង្កជាផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរចំពោះភាពសុចរិតទៀងត្រង់ កេរ្តិ៍ឈ្មោះ វិជ្ជាជីវៈ កិត្តិយស ព្រមទាំងបុគ្គលិកលក្ខណៈរបស់ពួកគេ។
ការលើកឡើងបែបនេះលោក Lee Hsien Yang ត្រូវបានរដ្ឋាភិបាលសិង្ហបុរី ផ្តល់ឱកាសឲ្យកែតម្រូវសារបង្ហោះលើ Facebook ផងដែរកាលពីខែកក្កដា ឆ្នាំ២០២៣ ដោយក្រសួងយុត្តិធម៌បានអះអាងថា វាមានខ្លឹមសារមិនពិតស្តីពីរឿងអាស្រូវ ជុំវិញករណីដែលរដ្ឋមន្ត្រីទាំងពីររូបនោះ ជួលទ្រព្យសម្បត្តិរដ្ឋ។
យ៉ាងណាក៏ដោយ បើតាមចៅក្រម Goh Yihan ដដែលបានលើកឡើងទៀតថា លោក Lee មិនបានសុំទោស ឬលុបចោលការបង្ហោះវិញឡើយ ជំនួសមកវិញមានតែការបង្ហោះសារមួយថែមទៀតថា រូបលោកនៅតែជឿជាក់ ចំពោះអ្វីដែលខ្លួនបាននិយាយ។
គួរបញ្ជាក់ផងដែរថា លោក Lee Hsien Yang មានវិវាទមិនចុះសម្រុងជាមួយបងប្រុសរបស់ខ្លួន ដែលជាអតីតនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ជុំវិញរឿងផ្ទះដែលជាកេរ្តិ៍អាករបន្សល់ទុកដោយឪពុករបស់អ្នកទាំងពីរគឺលោក Lee Kuan Yew បិតាស្ថាបនិកប្រទេសសិង្ហបុរី។ ទំនាក់ទំនងបែកបាក់បងប្អូនបែបនេះ នាំឲ្យលោក Lee Hsien Yang សម្រេចចិត្តចងខ្លួនចូលរួមជាមួយគណបក្សប្រឆាំងនៅអំឡុងការបោះឆ្នោតឆ្នាំ២០២០ ហើយកាលពីឆ្នាំមុនវិញ រូបលោកក៏មានចេតនាចង់ឈរឈ្មោះប្រកួតប្រជែងតំណែងជាប្រធានាធិបតីផងដែរ៕