លោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ច ការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន បានសន្យាលើកទឹកចិត្ត ក្រុមហ៊ុន និងសហគ្រាសចិនឱ្យធ្វើការវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ការសន្យាបែបនេះរបស់លោក វ៉ាង យី នៅក្នុងជំនួបជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងអំឡុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទីអ្នកកម្ពុជាជា គណកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនកាលពីខែមេសាកន្លងទៅ ក៏ដូចជាវឌ្ឍនភារមការអនុវត្តកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ជាពិសេសការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ» កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាតការអភិវឌ្ឍផ្លូវដែក និងការជំរុញកំណើនពាណិជ្ជកម្មតាម រយៈការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
នាឱកាសនោះ លោក វ៉ាង យី ក៏បានសន្យាលើកទឹកចិត្ត ក្រុមហ៊ុន និងសហគ្រាស ចិនឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា ថែមទៀតផងដែរ។
ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និង មានសក្តានុពលដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិតជាដើម។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៤នេះ ឃើញថាបណ្ដាវិនិយោគិននានាមកពីប្រទេសចិនបានចូលមកកម្ពុជាជាហូរហែដើម្បីស្វែងរកឱកាសវិនិយោគ ជាពិសេស ទៅលើវិស័យអចលនទ្រព្យ និងឧស្សាហកម្មជាដើម។បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការវិនិយោគក្នុងស្រុកសរុបឈរនៅលំដាប់លេខ១ រីឯការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ២ ដោយបានរួមចំណែកប្រមាណ៩៣%នៃទុនវិនិយោគសរុប។ដោយឡែក ក្នុងខែមេសា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខមួយ ដោយបានចូលរួមចំណែករហូតទៅដល់ប្រមាណ ៩៨% នៃទុនវិនិយោគសរុប៕