ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប ខណៈក្នុងជីវិតលោកមានកិត្តិយសបំផុត ពេលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកថ្លែងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ លោក Wang Wentian បានលើកឡើងថា លោក ពិតជាសោកស្តាយដែលត្រូវមកជម្រាបលា សម្តេច និងសូមថ្លែងអំណរគុណដែល សម្តេច ឆ្លៀតពេលដ៏មមាញឹកទទួលជួបឯកឧត្តមនៅថ្ងៃនេះ។ ទន្ទឹមគ្នានេះ លោកថា មានកិត្តិយសបំផុត ក្នុងជីវិតរបស់លោក ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ត្រូវបានផ្តល់ឱកាសឱ្យ ចូលរួមលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។
ជាមួយគ្នានេះ លោកក៏មានការពេញចិត្តបំផុតដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ក្នុងនីតិកាលទី៦ និងក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលបាននាំមកនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសុខុមាលភាពជូនប្រជាជនកម្ពុជា ។
ជាថ្មីម្តងទៀត លោកបន្ថែមថា លោកមានមោទកភាពបំផុត ដែលនៅឆ្នាំ២០១៩ ចិន និងកម្ពុជា បានចុះហត្ថលេខា មុនគេបង្អស់ លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ។ លោក បានចាត់ទុកថាទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី។
លោកបន្តទៀតថា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ចិន និងកម្ពុជា បានសហការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ជាពិសេស តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពហុកីឡដ្ឋានមរតតេជោ … ។ល។ ជាលទ្ធផលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចិន-កម្ពុជា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងសន្ធឹកសន្ធាប់។
ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ លោក Wang Wentian ដែលបានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ឈាង។ សម្តេច បានមានប្រសាសន៍ថា ការបែកគ្នា គឺជាពេលដែលពិបាក ក៏ប៉ុន្តែ គឺជាកាតព្វកិច្ចការទូតដែលចៀសមិនផុត។សម្តេចតេជោ ក៏បានជូនពរលោកឱ្យមានសុខភាពល្អ បន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត និងសង្ឃឹមថា លោកនឹងត្រឡប់មកប្រទេសកម្ពុជា នាពេលខាងមុខ៕ អត្ថបទ៖រង្សី