Admin ជីងចក់ ចេញលិខិតសូមទោសជាសាធារណៈជូនចំពោះ លោកអ្នកឧកញ៉ា ប្រធានសមាគមឧកញ៉ាកម្ពុជា

ជុំវិញ​ឧកញ៉ា

លោក ជឿន ចក់ ឈ្មោះហៅក្រៅ «Admin ជីងចក់» ដែលជា​អ្នកអត្ថាធិប្បាយបាល់ទាត់​មួយ​រូប​នៅកម្ពុជា​ និង​ជា​សមាជិកក្រុមបាល់ទាត់ Vlogger All Stars កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ​​​​បាន​ចេញ​លិខិតសូមទោសជាសាធារណៈជូនចំពោះ លោក​អ្នកឧកញ៉ា ប្រធានសមាគមឧកញ៉ាកម្ពុជា ចំពោះ​ការ​ប្រើប្រាស់ពាក្យពេចន៍​របស់​ខ្លួន​កន្លង​មក​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​សមាគមឧកញ៉ាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ក្នុងលិខិតខាងលើ​នេះ Admin ជីងចក់ ​​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ដែលមាន​គណនី​ហ្វេសប៊ុក​​ឈ្មោះ ជីង ចក់ TV បាន​ធ្វើការ​ផ្សាយផ្ទាល់​នូវ​វីដេអូ​ខ្លី​មាន​រយៈពេល ៣នាទី និង​២២​វិនាទី​ លើ​ទំព័រហ្វេសប៊ុក ដោយ​មាន​លោក​ជា​អ្នក​អត្ថាធិប្បាយ វិភាគ និង​រិះគន់​យ៉ាងខ្លាំង ទៅ​លើ​បុគ្គល​មួយ​ចំនួន ដែលមាន​ងារ​ជា​ឧកញ៉ា ដោយ​បាន​ប្រើប្រាស់ងារ​ជា​ឧកញ៉ា​ទៅ​ប្រព្រឹត្ត​នូវ​កំហុស និង​ទង្វើផ្ទុយច្បាប់​ដែល​បណ្តាក​ឱ្យ​ប្រជាពលរដ្ឋរងទុក្ខវេទនា។

ការប្រើប្រាស់ពាក្យ​រិះគន់​​​ទាំង​នេះ បាន​​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ឧកញ៉ា​ត្រឹមត្រូវ ដោយ​ក្នុង​ការ​បកស្រាយ​របស់​លោក​គ្រានោះ មាន​ពាក្យពេចន៍​ខ្លះ​ពិតជា​បាន​បង្កើត​ឱ្យមានកំហុស​ដោយ​អចេតនា ដែលនាំ​ឱ្យ​ប៉ះពាល់​ជារួម​ដល់​កិត្តិនាម និង​សេចក្តីថ្លៃថ្នូរ​របស់​ សមាគមឧកញ៉ាកម្ពុជា មែន ព្រោះថា​ លោកមិន​មាន​ការ​យល់ដឹងច្បាស់​លាស់ទៅ​នឹង​ពាក្យថា​គោរមងារ​ឧកញ៉ា ដែលជា​គោរមងារ​កិត្តិយស​ផ្តល់ដោយ​ព្រះមហាក្សត្រ ទ្រង់​ព្រះរាជទាន​ដោយ​ព្រះរាជក្រឹត្យ ទៅ​តាម​លំដាប់​ថ្នាក់ ដល់រូបវន្តបុគ្គលដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​គុណបំណាច់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍ និងកសាង​ជាតិ ហើយ​ងារ​ឧកញ៉ា​ពុំមាន​ឥទ្ធិពល​អាច​យកទៅ​ប្រើ​ប្រាស់​សម្រាប់​រកស៊ី​បោក​ប្រាស់​ប្រជាពលរដ្ឋ​បាន​ទេ។

​​លោក ជឿន ចក់ បានសម្តែងការ​សោកស្តាយ​ជាពន់ពេក ដែលបាន​បង្កើត​នូវ​កំហុស​អចេតនា​មួយ​នេះ​ឡើង។ ទោះយ៉ាងណា លោក​សូម​ទទួលស្គាល់​កំហុស ហើយ​សូម​លំឱន​កាយ លើកម្រាមដៃដប់ ដើម្បី​សូមទោស​ជា​សាធារណៈ និង​ជាពិសេស​ដល់ លោកអ្នកឧកញ៉ា​ប្រធាន ចំពោះ​កំហុសដោយអចេតនា​របស់​លោក។ ជាមួយ​គ្នា​នេះ លោក​សូមសន្យាថា នឹង​ឈប់ឱ្យមាន​ការ​ផ្សព្វផ្សាយ ឬ​និយាយប៉ះពាល់​ដល់​កិត្តិយស ឬ​បរិហាកេរ្តិ៍ នៃ​គោរមងារ​ឧកញ៉ា តទៅ​ទៀត​ហើយ​ចាប់ពីពេលនេះ​តទៅ ហើយ​លោក​នឹង​លុប​នូវ​ឃ្លីប​វីដេអូខ្លីដែល​បាន​ចេញ​ផ្សាយ​ចោល​ឱ្យអស់ រួមទាំង​តំណរភ្ជាប់​ទៀត​ផងដែរ។

ជាចុងក្រោយ​ លោក ជឿន ចក់ ឈ្មោះហៅក្រៅ «Admin ជីងចក់» សង្ឃឹមថា លោកអ្នកឧកញ៉ា ប្រធាន​សមាគម​ឧកញ៉ាកម្ពុជា ពិតជា​មាន​ក្តីមេត្តា​ផ្តល់ភាព​សណ្តោសអភ័យ និង​ព្រមទាំង​យកនូវការសូមអភ័យទោស​ពី​លោក៕