បើយោងតាមការរាយការណ៍ពីសារព័ត៌មាន New York Post បានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper បានរៀបចំលិខិតលាលែងពីតំណែង បន្ទាប់ពីលោកត្រូវបានគេរំពឹងថានឹងត្រូវបណ្តេញដោយលោកប្រធានាធិបតី Trump បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោត ។
ទន្ទឹមនោះសារព័ត៌មាន NBC News ក៏បានរាយការណ៍ផងដែរថា លោក Esper បានរៀបចំលិខិតនោះរួចហើយ ប៉ុន្តែមិនបាននិយាយថាពេលណាគាត់នឹងដាក់លិខិតនេះនោះទេ ។ វាមិនច្បាស់ទេថាតើគាត់មានបំណងធ្វើដូច្នេះនោះ បើទោះលោក Trump ចាញ់ ឬឈ្នះការបោះឆ្នោតក្ដី ។
ចំណែកអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Jonathan Hoffman បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “ការរំពឹងទុកអំពីការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិរូបនេះគឺជាការលេងល្បែងនៅក្រោយការបោះឆ្នោត” ។
គួរបញ្ជាក់ថា បំណងបណ្ដេញលោក Esper របស់លោក Trump បានលេចឡើងជាច្រើនខែមកហើយ ដោយសារតែការខ្វែងគំនិតគ្នាជាច្រើន និងការមិនពេញចិត្តលើរដ្ឋមន្ត្រីការពារជាតិរូបនេះដែលមិនគាំទ្រគាត់លើបញ្ហាធំៗមួយចំនួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ New York Post