សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្ននេះ ផ្ទៃដីទីក្រុងភ្នំពេញ បានកើនឡើងដល់ជាង៧០០គីឡូម៉ែត្រការ៉េ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ផ្ទៃដីទីក្រុងភ្នំពេញ បានកើនឡើងពី៣០០គីំឡូម៉ែត្រការ៉េ (គម២) មកជាង ៧០០គីំឡូម៉ែត្រការ៉េ (គម២) រីឯ ប្រជាជនវិញ ក៏មានការកើនឡើងខ្លាំងក្លាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ថ្លែងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលារបស់ឯកអគ្គរដ្ឋទូតធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោក Mohammed Abdul Hye ជាមួយសម្តេចតេជោ កាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកអគ្គរដ្ឋទូតបង់ក្លាដែស ដែលបានចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-បង់ក្លាដែស ក្នុងអាណត្តិរបស់លោក ខណៈសម្តេចតេជោ បានធ្វើការជាមួយគ្នាយ៉ាងច្រើនក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចបានលើកឡើងថា សម្តេច និងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងណាស់ ដើម្បីសម្រេចបានសន្តិភាពដោយខ្លួនឯង ហើយសន្តិភាពបែបនេះ មិនមានទេនៅកម្ពុជា ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ។

សម្តេចតេជោ បានបញ្ជាក់បន្តថា៖« ពេលបញ្ចប់សង្គ្រាមបានទាំងស្រុង សម្តេចបានប្រមូលកម្លាំងមនុស្ស និង ប្រាជ្ញា ដើម្បីខិតខំសម្រេចកំណើនសេដ្ឋកិច្ច ជាង៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍ ។ រហូតដល់ឆ្នាំ២០០៤ ទីក្រុងភ្នំពេញ មានអគារខ្ពស់ត្រឹមតែប្រាំពីរជាន់ តែមួយគត់ប៉ុណ្ណោះ តែឥឡូវមានអគារខ្ពស់ ម្ភៃ សាមសិបជាន់ រាប់រយ។ ផ្ទៃដីទីក្រុងភ្នំពេញ បានកើនឡើងពី៣០០គម២ មកជាង ៧០០គម២ រីឯ ប្រជាជនក៏មានការកើនឡើងខ្លាំងក្លាដែរ។

ជុំវិញការលើកឡើងរបស់សម្តេចតេជោ ឯកអគ្គរដ្ឋទូតបង់ក្លាដែស បានអបអរសារនិងកោតសរសើរកម្ពុជា ដែលក្រោមការដឹកនាំរបស់ សម្តេចតេជោ បានប្រែក្លាយពីប្រទេសក្រីក្រខ្លាំងនិងមានជម្លោះរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ដែលជាមេរៀននិងគម្រូល្អសម្រាប់ប្រទេសដទៃ។ មេដឹកនាំដូចប្រទេសកម្ពុជាមាន មិនមានច្រើនទេនៅក្នុងពិភពលោក។

លោកបន្តថា ទាំងនេះ គឺដោយសារ កម្ពុជាមានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ។ រដ្ឋាភិបាលបង់ក្លាដែស ជាពិសេស លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា … ជាភូមិផងរបងជាមួយ។ នៅពេលប្រទេសមីយ៉ាន់ម៉ា មានស្ថិរភាព តំបន់អាស៊ីអាគ្នេយ៍នឹងកាន់តែស្ថិរភាព សន្តិភាព និងការអភិវឌ្ឍបន្ថែមទៀតជាមិនខាន។ ដូចនេះ ត្រូវរក្សាសន្តិភាពឱ្យស្ថិតស្ថេរជាដរាប។

សូមរម្លឹកដែរថា បើតាមមន្ត្រី​ជំនាញធ្លាប់​បានឱ្យដឹង​ទៀតថា ទាក់ទិន​ទៅនឹង​កំណើនថ្មីៗនេះ និង​បើ​យោងតាម​ព្រះរាជក្រឹត្យ​របស់​ចុះ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០របស់​ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​ក្នុង​មាត្រា១ ត្រូវបាន​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាត់​យក​ភូមិ​ចំនួន៥គឺ ភូមិ​ស្ទឹង​ជ្រៅ និង​ភូមិ​ព្រែក​តា​ពៅ នៃ​សង្កាត់​ដើម​មៀន ភូមិ​ព្រែក​អញ្ចាញ នៃ​សង្កាត់​ព្រែក​ឫស្សី ភូមិ​ព្រែ​កឡុង នៃ​សង្កាត់​តា​ក្តុល និង​ភូមិប​ត្តា​ជី នៃ​សង្កាត់​ព្រែក​ហូរ ដែលមាន​ផ្ទៃដី​ទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពី​ក្រុង​តាខ្មៅ​ខេត្តកណ្តាល មកឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​កាត់​យក​ផ្ទៃដី​ទំហំ ២ហិកតា៥១៥៥ម៉ែត្រការ៉េ(ចំណែក​ដី​នៃ​វត្ត​បុ​ទុម​សាគរ ហៅ​វត្ត​ទួល​តា​ក្របៅ) ពី​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឱ្យមក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល។

ជាងនេះទៀត បើ​យោងតាម​ព្រះរាជក្រឹត្យ របស់​ព្រះមហាក្សត្រ​ខាងលើនេះ រាជធានី​ភ្នំពេញ អាចមាន​កំណើន​ផ្ទៃដី​កើនឡើង​បន្ថែមទៀត ព្រោះ​បាន​កាត់​ផ្ទៃដី​ពី​ខេត្តកណ្តាល និង​កាត់​ខ្លះ​ពី​រាជធានី​ភ្នំពេញ​ទៅឱ្យ​ខេត្តកណ្តាល​វិញ ដូចនេះ​អាច​កើន​ដល់ជាង៧០០គីឡូម៉ែត្រ​ការ៉េ៕ អត្ថបទ៖ រង្សី