ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Salvini បានហៅអគ្គលេខាធិការអង្គការណាតូ លោក Jeans Stoltenberg ថាជាបុរសគ្រោះថ្នាក់មួយរូប បន្ទាប់ពីលោក Jeans ដាក់សំណើអនុញ្ញាតឲ្យអ៊ុយក្រែន វាយប្រហារលើប្រទេសរុស្ស៊ី ដោយប្រើប្រាស់អាវុធរបស់លោកខាងលិច។
យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា លោក Matteo មិនបានឯកភាពលើសំណើខាងលើឡើយ និងបានអះអាងទៀតថា ទង្វើមួយនេះអាចបង្កឲ្យកើតជាសង្គ្រាមលោកលើកទី៣ បានថែមទៀត។
គួររំលឹកបន្តិចថា មេធំអង្គការណាតូបានអំពាវនាវឲ្យលោកខាងលិច ផ្គត់ផ្គង់អាវុធ និងគ្រាប់មីស៊ីល ដែលអាចបាញ់បានឆ្ងាយ ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីអាចវាយប្រហារចូលទឹកដីរុស្ស៊ី។
ជម្រាបបន្ថែមថា ក្នុងចំណោមសមាជិកអង្គការណាតូទាំងអស់ មេដឹកនាំលោកខាងលិចភាគច្រើន បង្ហាញការគាំទ្រចំពោះសំណើមួយនេះ ជាពិសេសគឺប្រធានាធិបតីបារាំង Emmanuel Macron ខណៈភាគីអ៊ីតាលីនៅប្រកាន់ជំហរថា ការផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន គឺក្នុងគោលបំណងការពារខ្លួន មិនមែនយកទៅប្រើប្រាស់សម្លាប់មនុស្សក្រៅទឹកដីអ៊ុយក្រែនឡើយ៕