ម៉ាឡេស៊ី ដាក់គោលដៅទាញឲ្យបានជាង ១០០ពាន់លានដុល្លារ ក្នុងការវិនិយោគលើបន្ទះឈីប

អន្តរជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយកាលពីថ្ងៃអង្គារ ទី២៨ ខែឧសភានេះថា ប្រទេសរបស់ខ្លួន កំពុងកំណត់គោលដៅទាញឲ្យបានយ៉ាងហោចណាស់ ៥០០ ពាន់លានរីងហ្គីត (១០៧ពាន់លានដុល្លារ) ក្នុងការវិនិយោគសម្រាប់ឧស្សាហកម្មបន្ទះឈីប semiconductor ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម៉ាឡេស៊ី ត្រូវបានចាត់ទុកថាប្រទេសដែលមានភាពរីកចម្រើនខ្លាំងបំផុតមួយ នៅក្នុងឧស្សាហកម្មបន្ទះឈីប semiconductor ជាមួយនឹងការចូលរួមចំណែកដល់ទៅ ១៣% នៃការធ្វើតេស្ត និងការវេចខ្ចប់បន្ទះឈីបជាសកល ស្របពេលប្រទេសនេះ ក៏បានទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារ ពីសំណាក់ក្រុមហ៊ុនឈានមុខគេជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងក្រុមហ៊ុន Intel និង Infineon ផងដែរ។

​ទន្ទឹមនឹងនេះ លោក Anwar បាននិយាយថា ការវិនិយោគសំខាន់ៗដែលប្រទេសម៉ាឡេស៊ី កំពុងព្យាយាមបង្កើននាពេលបច្ចុប្បន្ននេះ មានដូចជាការរចនាបន្ទះសៀគ្វី ការវេចខ្ចប់កម្រិតខ្ពស់ និងឧបករណ៍ផលិតសម្រាប់បន្ទះឈីប semiconductor ជាដើម។

មិនតែប៉ុណ្ណោះ​ លោក Anwar ក៏បានបញ្ជាក់បន្ថែម ក្នុងអំឡុងថ្លែងការសុន្ទរកថា នៅឯព្រឹត្តិការណ៍ឧស្សាហកម្មមួយថា ប្រទេសម៉ាឡេស៊ី ក៏ចង់បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួននៅក្នុងស្រុកយ៉ាងហោចណាស់ចំនួន ១០ សម្រាប់ការរចនា និងការវេចខ្ចប់កម្រិតខ្ពស់នៃបន្ទះឈីប semiconductor ផងដែរ ជាមួយនឹងប្រាក់ចំណូលចន្លោះពី ២១០លានដុល្លារ ទៅ ១ពាន់លានដុល្លារ៕