កំពូលមហាសេដ្ឋី គិត ម៉េង៖ ខ្ញុំពិតជាអរគុណជាខ្លាំង និងទន្ទឹងរងចាំ ធ្វើឱ្យឆ្នាំ២០២១ ជាឆ្នាំដ៏អស្ចារ្យមួយទៀត

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

ទំព័រហ្វេសបុកអ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងថា ខ្ញុំបាទមានកិត្តិយសខ្លាំងណាស់ ដែលបានបំរើការងារជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។ នេះជាតួនាទីដ៏មានអត្ថន័យ ដែលខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។
កំពូលមហាសេដ្ឋីមួយរូបនៅកម្ពុជាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានស្ថាបនិកក្រុមហ៊ុន រ៉ូយ៉ាគ្រុប ដែលមានបុត្រសម័្ពន្ធជាច្រើន ផ្នែកទូរគមនាគមន៍ និង ព័ត៌មានវិទ្យា ហិរញ្ញវត្ថុ ផ្នែកផ្សព្វផ្សាយព័ត៌មាន និង កម្សាន្ត សណ្ឋាគារ និង រីស៊ត អភិវឌ្ឍន៍អលចទ្រព្យ ពាណិជ្ជកម្ម និងផ្នែកដឹកជញ្ជូនជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពូលមហាសេដ្ឋីកម្ពុជា បានបន្តថា ការងារនៅសភាពាណិជ្ជកម្ម យើងបានលើកកម្ពស់និងផ្តល់ប្រយោជន៏ដល់សហគមន៍អាជីវកម្ម។ពួកយើងទាំងអស់គ្នាបំពេញតួនាទីដោយយកចិត្តទុកដាក់ ក្នុងការបង្កើតទំនាក់ទំនងជាមួយធនធានសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍សហគ្រាសជាតិ។

សកម្មភាព និងគម្រោងរបស់យើង មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទិ្ធភាពសហគ្រាស សម្រាប់ផលប្រយោជន៍នៃវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងផ្នែកសេវាកម្ម រួមទាំងសេដ្ឋកិច្ចទូទៅផងដែរ។ ពួកយើងផ្តល់យោបល់ និងព័ត៌មាន ជូនរដ្ឋាភិបាល និងអាជ្ញាធរខេត្ត-ក្រុង ស្តីពីបញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។
ពួកយើងក៏ដើរតួជាអ្នកតំណាងសហគមន៍ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្មនិងសេវាកម្ម ដើម្បីជួយសំរបសំរួលជាមួយអាជ្ញាធរ។ ក្នុងករណីចាំបាច់ ពួកយើងដើរតួជាអ្នកជំនាញក្នុងការដោះស្រាយវិវាទផ្នែកអាជីវកម្ម។

ក្នុងការបំពេញភារកិច្ចសំខាន់ៗទាំងនេះ ខ្ញុំបានប្រាស្រ័យទាក់ទងជាមួយបុគ្គលឆ្នើមមួយចំនួន និងចូលរួមវិភាគទានដល់សង្គមតាមវិធីផ្សេងៗគ្នា។ ខ្ញុំពិតជាអរគុណជាខ្លាំង និងទន្ទឹងរងចាំ ធ្វើឱ្យឆ្នាំ២០២១ ជាឆ្នាំដ៏អស្ចារ្យមួយទៀត។