ក្រុមហ៊ុនរថយន្តអគ្គិសនី VinFast របស់មហាសេដ្ឋីវៀតណាម Pham Nhat Voung គឺកំពុងពិចារណា ពន្យារពេលសាងសង់រោងចក្រតម្លៃប្រមាណ ៤ពាន់លានដុល្លារ នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុន VinFast ធ្លាប់បានប្រកាសកាលពីឆ្នាំ២០២២ថា ពួកគេនឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងអាគុយរថយន្ត ក្នុងសហរដ្ឋអាមេរិក ដែលអាចមានសមត្ថភាពផលិតរថយន្តបានរហូតដល់ ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ។
ផែនការរបស់ក្រុមហ៊ុនមួយនេះ គឺមានគម្រោងបញ្ចប់ការសាងសង់នៅខែកក្កដា ឆ្នាំ២០២៤ ក៏ប៉ុន្តែវាក៏ត្រូវបានពន្យារពេលបើកដំណើរការដល់ឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ គឺកំពុងពិចារណាពន្យារពេលម្ដងទៀត។
ចំណែកឯមូលហេតុនៃការពន្យារពេលលើកនេះ គឺមិនត្រូវបានបង្ហើបឲ្យដឹងជាសាធារណៈនៅឡើយទេ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ VinFast គឺមានបញ្ហាជាច្រើននៅសហរដ្ឋអាមេរិក តួយ៉ាងកំពុងជាប់បណ្ដឹងទាក់ទងនឹងបញ្ហាសុវត្ថិភាព ក៏ដូចជាមានបញ្ហារឿងបង់ថ្លៃជួលកន្លែងតាំងបង្ហាញរថយន្តជាដើម៕