ថៃ រំពឹងកើបប្រាក់ចំណូលជាង ១ពាន់លានដុល្លារ ពីការប្រមូលពន្ធលើដីធ្លី និងអគារ នៅឆ្នាំនេះ 

អន្តរជាតិ

ក្រសួងហិរញ្ញវត្ថុថៃ រំពឹងថាការប្រមូលពន្ធលើដីធ្លី និងអគារនៅឆ្នាំនេះ អាចនឹងមានចំនួនសរុប ៤៣ពាន់លានបាត (ជាង ១ពាន់លានដុល្លារ) ពោលគឺកើនឡើងខ្ពស់ជាងឆ្នាំមុន ៨ពាន់លានបាត ដោយសារតែការបញ្ចុះតម្លៃពន្ធត្រូវបានបញ្ឈប់វិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក Lavaron Sangsnit លេខាធិការអចិន្ត្រៃយ៍ក្រសួងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថាច្បាប់នៃការបង់ពន្ធលើដីធ្លី និងអគារនេះ ត្រូវបានពិភាក្សាអស់រយៈពេលជាយូរមកហើយ បន្ទាប់មកត្រូវបានអនុម័តជាផ្លូវការ នៅឆ្នាំ២០១៩ ជាមួយនឹងការប្រមូលពន្ធលើកដំបូងនៅឆ្នាំ២០២០។ ប៉ុន្តែទោះបីជាយ៉ាងណា ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាត បានធ្វើឲ្យរដ្ឋាភិបាលកាត់បន្ថយបន្ទុកពន្ធចំនួន ៩០% រហូតដល់ឆ្នាំ២០២១។

គួរឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ រដ្ឋាភិបាល បានសម្រេចចិត្តបន្តកាត់បន្ថយបន្ទុកពន្ធចំនួន ១៥% ដើម្បីជួយសម្រួលដល់ការលំបាកផ្នែកសេដ្ឋកិច្ចរបស់ប្រជាជន។ 

ប៉ុន្តែ សម្រាប់ឆ្នាំ២០២៤នេះ លោក Lavaron ​ បានបញ្ជាក់ថានឹងគ្មានវិធានការកាត់បន្ថយពន្ធទៀតនោះឡើយ ហើយប្រាក់ចំណូលទទួលបានពីពន្ធនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤៣ពាន់លានបាត ពោលគឺកើនឡើងពីចំនួន ៣៥ពាន់លាន កាលពីឆ្នាំមុន។

លោក Lavaron បាននិយាយទៀតថា ប្រាក់ចំណូលនាពេលអនាគតពីពន្ធដីធ្លី និងអគារនេះ ទំនងជានឹងបន្តកើនឡើងបន្ថែមទៀត ដោយសារឱកាសនៃការធ្លាក់ចុះមានតិចតួច ព្រោះថាមូលដ្ឋានពន្ធគឺអាស្រ័យលើតម្លៃដី និងអគារដែលកំពុងបន្តកើនឡើង៕