លោកជំទាវទី១កម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អំពាវនាវសប្បុរសជនចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា។ នេះបើយោងតាមបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកជំទាវបណ្ឌិត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។
ស្របពេលដែលលោកជំទាវបណ្ឌិតអំពាវនាវសប្បុរសជនចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា មានបងប្អូនកម្ពុជាជាច្រើននាក់បានចូលរួមថវិកានៅក្នុងយុទ្ធនាការនេះ។
ជាមួយគ្នានោះ យោងតាមសេចក្ដីជូនដំណឹងរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា មានរយៈពេល ១ខែពេញ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញជាអធិបតីក្នុងពិធីបើក យុទ្ធនាការនេះ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។
មូលនិធិគន្ធបុប្ផាកម្ពុជា បានបន្ដថា ជាសារបាន, យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ ទិវាកុមារ អន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្តី ច្រើនក្តី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា។
មូលនិធិគន្ធបុប្ផាកម្ពុជា គូសបញ្ជាក់ថា នាពេលកន្លងមក, យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ទទួលបានការគាំទ្រយ៉ាងផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងអ្នកចូលរួម ដើម្បីធានានិរន្តរភាពរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យជាតិដែលបាន និងកំពុងពិនិត្យ និងព្យាបាលទារក និងកុមាររាប់លានករណី ជាមួយនឹងចំណាយថវិកាប្រចាំឆ្នាំចំនួនប្រមាណ ៤០ លានដុល្លារអាមេរិក៕