ក្រុមហ៊ុននាំចេញអង្ករចំនួន៤ បានចូលរួមតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ លើកដំបូងនៅអារ៉ាប៊ីសាអូឌីត

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុននាំចេញនាំមុខគេរបស់កម្ពុជាចំនួន ៤ ក្រុមហ៊ុន បានចូលរួមតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ លើកដំបូងបំផុតនៅប្រទេសអារ៉ាប៊ីសាអូឌីត។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានផ្សាយចេញនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុ​ញ​ការនាំចេញផលិតផលកសិកម្មកម្ពុជាដែលក្នុងនោះក៏មានអង្ករផងដែរ តាមរយៈថវិកាបដិភាគរបស់សហគ្រិន​ខ្មែរ​ (Khmer Enterprise) ស​ហ​​​​​ព័​ន្ធ​ស្រូវអង្ករកម្ពុជាបានដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ ក្រុមហ៊ុន រួមមាន៖១.ក្រុមហ៊ុន KAMPONG THOM RICE MILL LIMITED ២.ក្រុមហ៊ុន KHMER FOODS GROUP CO.,LTD ៣.PRIMALIS CORPERATION.,LTD និង៤. SINGATURE OF ASIA CO., LTD ​ដើម្បីចូលរួមការដាក់តាំងបង្ហាញនូវផលិតផលអង្ករ ​ ដែ​ល​​​​មា​នគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត​ដែលកម្មវិធីនេះបានប្រព្រឹត្តិឡើងនាថ្ងៃទី​២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៤។​

សហព័ន្ធស្រូវអង្ករកម្ពុជាបន្តថា ការចូលរួមព្រឹត្តិការណ៍ The Saudi Food Sho​​w នេះ គឺជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា​ ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៦០ម៉ែត្រការ៉េ។

បើតាមសហព័ន្ធស្រូវអង្ករ បានបញ្ជាក់ថា ការចូលរួមនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នៅក្នុងតំបន់មជ្ឈឹមបូព៌ានេះ គឺក្នុងគោលបំណងក្នុងការធ្វើពិពិធកម្មទីផ្សារដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទ ជាសេនាធិការក្នុងការជំរុញផលិតផលចូលក្នុងទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។ ការចូលរួមពិព័ណ៍នេះ គឺទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវជាអាជីព ព្រោះជាលើកទី១ ដែលឃើញមានបញ្ជីឈ្មោះប្រទេសកម្ពុជា និងទង់ជ័យកម្ពុជានៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិមួយនេះ ស្ថិតនៅក្នុងចំណោម ក្រុមហ៊ុនចំនួនជាង ១០០០ ក្រុមហ៊ុន ដែលតាំងបង្ហាញផលិតផលម្ហូបអាហារចំនួនជាង ១០០ ០០០ ប្រភេទ​មកពី៩៧ ប្រទេសនៅលើពិភពលោក។

គួរបញ្ជាក់ដែរថា ប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសធំជាងគេនៅក្នុងតំបន់មជ្ឈឹមបូព៌ាកំពុងមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងគួរឱ្យក​ត់​សម្គាល់ដែលជាទីផ្សារមានសក្តានុពលសម្រាប់អង្ករកម្ពុជាទៅក្នុងប្រទេសនេះផ្ទាល់ និងជាទីតាំងចែកចាយបន្តនៅពេលអនាគតសម្រាប់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកផងដែរ។ ទីផ្សារនៅក្នុងតំបន់ទាំងពីរនេះមានការកើនឡើងគួរឱ្យកត់សម្គាល់គឺតំបន់មជ្ឈឹមបូព៌ា បានកើនពី ១ ៣៩៨ តោន នៅឆ្នាំ២០១៥ កើនដល់ ៧ ៥២១ តោននៅឆ្នាំ២០២៣ ហើយទីផ្សារក្នុងតំបន់អាហ្វ្រិកកើនពី ៤ ២៨៤ តោន នៅក្នុងឆ្នាំ២០១៥ កើនដល់ ៥២ ៨២៨ តោននៅឆ្នាំ២០២៣។ ការចូលរួមក្នុង ព្រឹត្តិការណ៍ The Saudi Food Sho​​w នេះក៏បានជួយឱ្យអង្ករកម្ពុជាកាន់តែមានសក្តានុពល​ពង្រីកវិសាលភាពទីផ្សារនាំចេញអង្ករបន្ថែមទៀត៕ អត្ថបទ៖ រង្សី