លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឱ្យក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង ត្រូវធានានូវសុវត្ថិភាពអ្នកដំណើរ នៅពេលដាក់ដំណើរការទូរថភ្លើងរបស់ខ្លួន នាពេលខាងមុខនេះ។
លោក ស្នើបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Royal Railway Cambodia ដឹកនាំដោយលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន ជុំវិញបច្ចុប្បន្នភាពទូរថភ្លើងដែលបានបញ្ជាទិញពីប្រទេសជប៉ុន នាទីស្តីការក្រសួង នៅព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយពីបានស្តាប់បទបង្ហាញរបស់ក្រុមហ៊ុន Royal Railway Cambodia អំពីទិដ្ឋភាពទូទៅ និងស្ថានភាពបច្ចុប្បន្ន និងលក្ខណៈបច្ចេកទេសរបស់ទូរថភ្លើង លោក បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវសុវត្ថិភាព និងផាសុកភាពរបស់បងប្អូនអ្នកដំណើរ នៅពេលដែលទូរថភ្លើងដាក់ឱ្យដំណើរការ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ លើការលើកកម្ពស់សុវត្ថិភាពនៃដំណើរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ផ្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងតំបន់ទីប្រជុំជនដែលមានចរាចរណ៍មមាញឹក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលអាចធ្វើបាន។
សូមរម្លឹកដែរថា ក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែករបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ហើយពេលនេះបានដឹកជញ្ជូនតាមកប៉ាល់មកដល់ប្រទេសកម្ពុជាហើយ។
សូមជម្រាបថា រថភ្លើងដឹកអ្នកល្បឿនលឿនចំនួន ១១គ្រឿងដែលទិញមកពីជប៉ុននេះ ជាប្រភេទ Kiha 183 Heavy Snow បានចាកចេញពីនៅកំពង់ផែ Hakodate តំបន់ហុកកៃដូ នៃប្រទេសជប៉ុន។ទូររថភ្លើងទាំង១១ ដែលក្រុមហ៊ុន Royal Railway Cambodia ទិញមកពីប្រទេសជប៉ុននេះដែរ គ្រោងនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ រង្សី