សម្តេចធិបតី៖ គម្រោងប្រព័ន្ធស្រោចស្រព និងរំដោះទឹកចេញពីរាជធានី/ខេត្តចំនួន៣ សម្រេចបាន ៩៥%

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានី/ខេត្តចំនួន៣  សម្រេចបានវឌ្ឍនភាពការងារបានចំនួន ៩៥%ហើយ ដោយគ្រោងនឹងបញ្ចប់យ៉ាងយូរក្នុងខែកក្កដា ខាងមុខនេះ។នេះបើយោងតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះនៅបណ្តាញសង្គមហ្វេសហ៊ុក កាលយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងនោះមាន៖គម្រោងស្តារព្រែកហូរ សម្រេចបានប្រមាណ ៩៥% និងជាផ្នែកមួយនៃគម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្រចំនួន៣ គឺ៖ រាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកណ្តាល ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ។

ទន្ទឹមគ្នានេះដែរ សម្តេចធិបតី បើគិតរហូតមកដល់ពេលនេះដែរ វឌ្ឍនភាពការងារសម្រេចលើគម្រោងចំនួន៤ទៀត ក៏សម្រេចបានប្រមាណ៩៥% ផងដែរ ដោយក្នុងមាន៖ ១.ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ។ ២. ស្តារព្រែកហូរប្រវែង ៣.៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ។ ៣. ស្តារប្រឡាយព្រែកហូរប្រវែង ៣.៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និងទី៤. រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤.៥គីឡូម៉ែត្រ។

បើតាមសម្តេចធិបតី អះអាងថា គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកណ្តាល គឺគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីត្រៀមលក្ខណៈសម្រាប់ខែវស្សា ដែលកំពុងចូលមកដល់។

​សូមរម្លឹកដែរថា កាលពីពេលកន្លងទៅ ​ក្រសួង​ធនធានទឹក ធ្លាប់បានឱ្យដឹងថា គម្រោង​ប្រព័ន្ធ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង សម្រាប់​បញ្ចៀស​ការ​ជន់​លិច នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវអនុវត្ត​ជា ៣​ជំហាន ក្នុងនោះ​គម្រោង​ការងារ​ដែល​ត្រូវអនុវត្ត​មាន ទី​១ ​ការងារ​កែលម្អ​ស្ទឹងតូច​ប្រវែង ៥១​ គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល ទី​២ ស្ទឹង​ក្រោម​ទន្លេបាទី​ប្រវែង ៧​ គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តកណ្តាល ទី​៣ ប្រឡាយ​ជើងឯក ​៣ ​ខ្សែ​ប្រវែង ២៧,៥​ គីឡូម៉ែត្រ ស្ថិតនៅ​ភាគ​ខាងលិច និង​ខាងត្បូង​រាជធានី​ភ្នំពេញ ទី​៤ ប្រឡាយ ​៥៩ និង​ ៩០ ប្រវែង ១៨,៨​ គីឡូម៉ែត្រ ស្ថិត​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​ទី​៥ ប្រឡាយ​ ៩៦ និង​ព្រែក​គង់ ប្រវែង ៣៤​ គីឡូម៉ែត្រ ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ទី​៦ ​ព្រែក​ពាម​ស​ត្ថា ប្រវែង ១៨,៧​ គីឡូម៉ែត្រ ស្ថិតក្នុង​ខណ្ឌ​ព្រែក​ព្នៅ និង​ស្រុក​ពញាឮ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​ទី​៧ ​ប្រឡាយ​រលាំង​ជ្រៃ​-​ស្លាគូ ប្រវែង ៥៨,៤៥ ​គីឡូម៉ែត្រ ស្ថិតក្នុង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ហើយ​និង​ទី​៨ ប្រឡាយ​អូរ​ខ្សាច់ ភ្ជាប់​ពីរ​លាំង​ជ្រៃ​ខាងជើង មកដល់​បឹង​តា​មោក ប្រវែង ២៧,៧ ​គីឡូម៉ែត្រ ស្ថិត​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល​៕ អត្ថបទ៖ រង្សី