នាថ្ងៃទី៣០ ខែឧសភា មហាសេដ្ឋី Elon Musk បានក្លាយជាកំពូលអ្នកមានបំផុតលើលោកវិញ បន្ទាប់ពីរបូតតំណែងមួយនេះ អស់រយៈពេលជាច្រើនខែ។
យោងតាមការចុះផ្សាយពីគេហទំព័រ Forbes បានបង្ហាញថា មូលហេតុដែលធ្វើឲ្យមេធំ Tesla អាចដណ្ដើមតំណែងរបស់មហាសេដ្ឋីបារាំង Bernard Arnault គឺដោយសារប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន LVMH មានការថយចុះខ្លាំង ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់ប្រធានក្រុមហ៊ុនរូបនេះ ក៏របូតច្រើនដូចគ្នា។
ជាលទ្ធផល ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Bernard Arnault មានការថយចុះមកនៅសល់ប្រហែល ២០០ពាន់លានដុល្លារ ស្របពេលទ្រព្យសម្បត្តិរបស់ Elon Musk គឺកើនដល់ទៅ ២០៩ពាន់លានដុល្លារឯណោះ។
ជាមួយគ្នាដែរ កៅអីជាមហាសេដ្ឋីមានបំផុតទី២ របស់កំពូលអ្នកមានដាច់គេនៅអឺរ៉ុប ក៏អាចនឹងត្រូវបាត់បង់ផងដែរ ដ្បិតបច្ចុប្បន្នស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos កំពុងតាមកៀកពីក្រោយខ្លាំង ពោលគឺទ្រព្យសម្បត្តិរបស់លោកមានប្រមាណ ១៩៩,៩ពាន់លានដុល្លារហើយ៕