ស្ពានឆ្លងកាត់ទន្លេបាសាក់ មានតម្លៃប្រមាណ៦០លានដុល្លារ សាងសង់បានជាង១០ភាគរយ លើសផែនការ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជាង ១០ភាគរយហើយ ពោលលើសផែនការប្រមាណ ១,០៣ភាគរយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងសាធារណការ បានឲ្យដឹងថា គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន១០,៥០%ហើយ លើសផែនការ១,០៣% បើគិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសចិនប្រចាំកម្ពុជា។

ក្រសួងបញ្ជាក់ថា បច្ចុប្បន្ននេះសសរគ្រឹះចំនួន២៤ដើម បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេនេះ មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។

បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធចុះពិនិត្យទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេបាសាក់ កាលពីថ្ងៃទី៣០ ឧសភា បានបញ្ជាក់ថា ស្ពានកោះនរាក្រោយស្ថាបនាហើយ ដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ចូលមកភ្នំពេញ បានប្រមាណ៣០ភាគរយប៉ុណ្ណោះ។

លោកបន្តថា ប៉ុន្តែនៅពេលបើកផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះមួយខ្សែទៀត វានឹងដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកម្រិតទៀត។ ផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) អាចដោះចរាចណ៍ពីផ្លូវជាតិលេខ១ ទៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យ និងបន្តឆ្ពោះទៅ២១៧ (ផ្លូវចំការដូង)។

សូមជម្រាបជូនថា គម្រោងស្ថាបនា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាប្រមាណ ៦០លានដុល្លារ និងប្រើរយៈពេលសាងសង់ ៤២ខែ ដោយឥណទានសម្បទានពីប្រទេសចិន៕