ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មានទិសដៅក្នុងការរៀបចំទីក្រុងឱ្យក្លាយជាទីក្រុងដែលងាយស្រួលរស់នៅ ជាភូមិឋានដ៏ក្សេមក្សាន្ត ដើម្បីបង្កើតមនោសញ្ចេតនានិងសេចក្តីសុខក្នុងសង្គមជាតិ។
ថ្លែងបើកវេទិកាជាតិលើកទី ២ ស្ដីពីទីក្រុងនិងលំនៅឋាន ក្រោមមូលបទ ទីក្រុងឆ្លាត បៃតង មានភាពធន់ និងប្រកបដោយបរិយាបន្ន នាព្រឹកថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២៤ នៅទីស្ដីការក្រសួង លោក ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មានទិសដៅក្នុងការរៀបចំទីក្រុងឱ្យក្លាយជាទីក្រុងដែលងាយស្រួលរស់នៅ ជាភូមិឋានដ៏ក្សេមក្សាន្ត។
លោកបន្តថា កម្ពុជាគឺជាប្រទេសតូចនិងមានប្រជាជនតិច ដូច្នេះការជួបជុំគ្នានាពេលនេះគឺដើម្បីជជែកពិភាក្សាឱ្យបានដឹងអំពីលទ្ធភាពក្នុងការអនុវត្តជាក់ស្ដែង ដោយមិនគ្រាន់តែជាការស្រមើស្រមៃនោះទេតែត្រូវគិតគូរឱ្យចំទិសដៅនិងធ្វើឱ្យបានត្រឹមត្រូវឆ្ពោះទៅមុខ ដោយមិនអាចបកក្រោយនិងមិនអាចខ្ជះខ្ជាយពេលវេលានិងធនធាននោះឡើយ។
លោកបន្តថា៖«យើងត្រូវរៀបចំទីក្រុងដោយផ្អែកទៅតាមសក្តានុពលសេដ្ឋកិច្ចរបស់យើង ដូចជា តំបន់ឆ្នេរ តំបន់ឥសាន្ត រាជធានីភ្នំពេញ តំបន់ខាងជើងបឹងទន្លេសាប ដោយត្រូវពិនិត្យមើលថាតើសក្តានុពលនៃតំបន់នីមួយៗមានអ្វីខ្លះ រួចត្រូវគិតគូររៀបចំការអភិវឌ្ឍទីក្រុងនិងលំនៅស្ថានស្របតាមប្រភេទតំបន់នីមួយៗ និងធន់នឹងការប្រែប្រួលអាកាសធាតុ អាចប្រើប្រាស់បានយូរអង្វែង ដើម្បីជម្រុញការអភិវឌ្ឍន៍ឱ្យ កាន់តែឆាប់រហ័ស បង្កើនជីវភាពរស់នៅនិងសុខមាលភាពរបស់ប្រជាពលរដ្ឋនិងកំណើនសេដ្ឋកិច្ចជាតិ»។
លោក សាយ សំអាល់ បានបន្ថែមថា យើងត្រូវកសាងទីក្រុងឱ្យមានសោភណ្ឌភាព មានលំហសាធារណៈសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព មានខឿនសេដ្ឋកិច្ចរឹងមាំ ជាទីក្រុងពោរពេញដោយជីវិត វប្បធម៌អរិយធម៌ ជាទីក្រុងដែលងាយស្រួលរស់នៅ ជាភូមិឋានដ៏ក្សេមក្សាន្ត ដើម្បីរក្សានិងបង្កើតមនោសញ្ចេតនានិងសេចក្តីសុខក្នុងសង្គម។
ទន្ទឹមគ្នានេះ មានបំណងចង់ឃើញថា៖«នាឆ្នាំ ២០៥០ រាជធានីភ្នំពេញ ទីក្រុងកែប កំពត សៀមរាប ក្រចេះ នឹងក្លាយជាទីក្រុងដែលមានភាពស្មើមុខស្មើមាត់ក្នុងតំបន់អាស៊ានដើម្បីផ្ដល់នូវសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងប្រទេស រស់នៅពោរពេញដោយមោទនភាពក៏ដូចជាមានប្រជាជនក្នុងតំបន់និងពិភពលោកចង់មករស់នៅក្នុងទីក្រុងនានានៃប្រទេសកម្ពុជា»។
សូមបញ្ជាក់ថា វេទិកាជាតិលើកទី ២ ស្ដីពីទីក្រុងនិងលំនៅឋាន នេះជាវេទិកាសម្រាប់កិច្ចសន្ទនាពហុភាគីដើម្បីពិភាក្សានិងឯកភាពគ្នាលើគោលនយោបាយអាទិភាពជាយុទ្ធសាស្ត្រនិងធ្វើអាទិភាពកម្មវិធីដែលប្រទាក់ក្រឡាគ្នាក្នុងគោលដៅឆ្ពោះទៅរកការអភិវឌ្ឍន៍ទីក្រុងនិងលំនៅដ្ឋានប្រកបដោយភាពឆ្លាត បៃតង មានភាពធន់និងប្រកបដោយបរិយាបន្ន។ វេទិកានេះក៏ជាឱកាសសម្រាប់ក្រសួងជាពិសេសសម្រាប់វិស័យរៀបចំដែនដីនគរូបនីយកម្មនិងលំនៅដ្ឋានទទួលបាននូវធាតុចូលថ្មីៗបន្ថែមទៀតសម្រាប់កែលម្អធ្វើឲ្យកាន់តែប្រសើរឡើងនិងកាន់តែមានប្រសិទ្ធភាពដល់ការងារកសាងគោលនយោបាយ ឯកសារគតិយុត្តិនិងការងារអនុវត្តជាក់ស្ដែងពាក់ព័ន្ធវិស័យរៀបចំដែនដីនគរូបនីយកម្មនិងលំនៅឋានផងដែរ៕ អត្ថបទ៖រង្សី