អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានទទួលស្វាគមន៍ប្រធានក្រុមហ៊ុនដឹកញ្ជូន និងភ័ស្តុភារ MK Co., Ltd. មានទីស្នាក់ការនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដែលបានមកទស្សនកិច្ចនៅកម្ពុជា និងបង្ហាញបំណងសិក្សាទីផ្សារ និងស្វែងរកដៃគូសហការវិនិយោគ ក្នុងគោលបំណងពង្រីកអាជីវកម្មនៅកម្ពុជា នាពេលខាងមុខ។
ការបង្ហាញពីបំណងចង់ស្វែងរកដៃគូវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមួយនេះ គឺធ្វើឡើងនៅក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
បើតាមសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ជំនួបនេះ ត្រូវបានរៀបចំឡើង នៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា ស្ថិតនៅសណ្ឋាគារភ្នំពេញ ដើម្បីស្វែងយល់អំពីសមាគមឧកញ៉ាកម្ពុជា ក៏ដូចជា បរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា ក្នុងឱកាសដែលក្រុមហ៊ុនកំពុងបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។
សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងទៀតថា ក្រុមហ៊ុន MK Co., Ltd. គឺជាក្រុមហ៊ុនដឹកញ្ជូន និងភ័ស្តុភារ ដែលមានទីស្នាក់ការនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ហើយការបំពេញទស្សនកិច្ចនេះ គឺដើម្បីសិក្សាទីផ្សារ និងស្វែងរកដៃគូសហការវិនិយោគ ក្នុងគោលបំណងពង្រីកអាជីវកម្មនៅកម្ពុជានាពេលខាងមុខ។
ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក Makoto Matsukawa ប្រធានក្រុមហ៊ុន MK Co., Ltd. និងក្រុមការងារ និងបានជម្រាបជូនអំពីសាវតា តួនាទីភារកិច្ចស្នូល និងសកម្មភាពសំខាន់ៗរបស់សមាគម ដែលជាស្ថាប័នតែមួយគត់នៅកម្ពុជា តំណាងឱ្យនិងជាបណ្ដុំនៃធុរជននិងវិនិយោគិនមកពីចម្រុះវិស័យ។
បន្ថែមទៀនោះអ្នកឧកញ៉ា ក៏បានចែករំលែកអំពីកត្តាទាក់ទាញចម្បងៗក្នុងការវិនិយោគនៅកម្ពុជា ព្រមទាំងលើកទឹកចិត្ត និងផ្ដល់គាំទ្រដល់ក្រុមហ៊ុន MK Co., Ltd. សម្រាប់ការឈានជើងចូលមកកាន់ប្រទេសកម្ពុជាផងដែរ។
ស្របជាមួយគ្នានោះ លោក Makoto Matsukawa បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ដែលបានផ្ដល់ជាអនុសាសន៍ និងព័ត៌មានសំខាន់ៗសម្រាប់ជាមូលដ្ឋានដល់លោក ហើយលោកនឹងផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចជប៉ុន ព្រមទាំងកៀរគរធុរជននិងវិនិយោគគិនជប៉ុន មកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជានាពេលណាមួយខាងមុខ៕