រុស្ស៊ី គ្រោងដំឡើងពន្ធលើអាជីវកម្ម និងអ្នកមាន ដើម្បីផ្តល់មូលនិធិបន្ថែមដល់ការធ្វើសង្គ្រាម

អន្តរជាតិ

រុស្ស៊ី បានប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការដំឡើងពន្ធលើអាជីវកម្ម និងអ្នកមានទ្រព្យសម្បត្តិច្រើន ក្នុងគោលបំណងទាញយកប្រាក់ចំណូលបន្ថែមដើម្បីផ្តល់មូលនិធិដល់ការធ្វើសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចំណាយរបស់រដ្ឋាភិបាលរុស្ស៊ី បានកើនឡើងលើសពីប្រាក់ចំណូលក្នុងចំនួនរាប់សិបពាន់លានដុល្លារ រាប់តាំងពីទីក្រុងម៉ូស្គូ បានបញ្ជូនកងកម្លាំងរបស់ខ្លួន ចូលទៅលុកលុយនៅក្នុងប្រទេសអ៊ុយក្រែន កាលពីក្នុងខែកុម្ភ: ឆ្នាំ២០២២ មក។

ជុំវិញការចំណាយដ៏ច្រើនបែបនេះ ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានស្នើកាលពីថ្ងៃអង្គារ សប្តាហ៍នេះ អំពីផែនការក្នុងការដំឡើងកម្រិតពន្ធថ្មី សម្រាប់អ្នកដែលរកប្រាក់ចំណូលច្រើន និងការដំឡើងពន្ធលើសាជីវកម្ម ផងដែរ។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នពន្ធលើប្រាក់ចំណូល គឺមានចំនួន ១៣% សម្រាប់ប្រជាជនរុស្ស៊ីទូទៅ និងអ្នកដែលមានប្រាក់ចំណូលខ្ពស់វិញ នឹងត្រូវបង់ពន្ធនៅក្នុងអត្រា ១៥% ខណ:កម្រិតពន្ធលើសាជីវកម្ម នឹងកើនឡើងដល់ ២៥% ពីកម្រិតបច្ចុប្បន្ន ២០%។

ជម្រាបជូនផងដែរថា បើតាមទីភ្នាក់ងារព័ត៌មាន Interfax បានចុះផ្សាយ ដោយផ្នែកលើការគណនារបស់ក្រសួងហិរញ្ញវត្ថុរុស្ស៊ី ថា វិសោធនកម្មនេះ ត្រូវបានគេរំពឹងថាប្រាក់ចំណូលពីពន្ធ អាចនឹងមានការកើនឡើងប្រហែល ២,៦ទ្រីលានរូបល ឬ ២៩ពាន់លានដុល្លារ ក្នុងមួយឆ្នាំ៕