អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញពីវឌ្ឍនភាពជាវិជ្ជមានទាំង៤ជម្រើស ជូនដល់អតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា។
អ្នកឧកញ៉ា ម្ចាស់បុរី ឡេង ណាវ៉ាត្រា បានបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលនេះ ជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូន និងអតិថិជនទាំងអស់ឱ្យបានជ្រាបពីវឌ្ឍនភាពទាំង៤ជម្រើស របស់ក្រុមហ៊ុនមានដូចខាងក្រោម៖
១. ក្រុមហ៊ុនបានដោះដូរផ្ទះជូនអតិថិជន ប្ដូរពីផ្ទះយកជាដី មកដល់ពេលបច្ចុប្បន្នសរុបបានចំនួន ១៦៣ផ្ទះ។
២. ចំពោះអតិថិជនបានមកដាក់ពាក្យជាមួយក្រសួង ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិប្លង់រឹង រយៈ៤ថ្ងៃ បានចំនួន ៥៩៧ផ្ទះ។
៣. ក្រុមហ៊ុនមានគោលដៅនិងបញ្ចប់ផ្ទះសាងសង់ជិតរួចរាល់ ជូនអតិថិជនបន្តបន្ទាប់ទៀត ក្នុងចន្លោះពី
១ខែ ទៅ ៣ខែខាងមុខនេះ អាចប្រគល់ជូនអតិថិជនចន្លោះពី ១០០០ផ្ទះ ទៅ ២០០០ផ្ទះបន្ថែមទៀត ។
៤. ក្រុមហ៊ុនបានប្រគល់ផ្ទះបន្ថែម ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ចំនួន ៣០ផ្ទះ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន ដែលបន្តគាំទ្រ គម្រោងបុរី ឡេង ណាវ៉ាត្រា។ សម្រាប់ពុកម៉ែបងប្អូនដែលដោះដូរជាដី សូមទំនាក់ទំនងតាមតេលេក្រាម ខាងក្រោម
នេះ https://t.me/+85511444444។
សូមជម្រាបថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងជម្រាបជូនដល់ លោក លោកស្រី ដែលជាអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូតិ៍និង/ផ្ទះគ្រប់ចំនួន (១០០%) អាចអញ្ជើញទៅដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិនៅទីស្តីការក្រសួងរៀបចំដែនដី ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ។ ចំពោះករណីអតិថិជនដទៃទៀតរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ក្រសួងក៏កំពុងតែសម្របសម្រួលដោះស្រាយជាមួយភាគីពាក់ព័ន្ធបន្តទៀតផងដែរ។
សូមបញ្ជាក់ផងដែរថា ទោះបីជាទទួលរង វិបត្តិសេដ្ឋកិច្ចសាកលយ៉ាងណាក្តី បុរី ឡេងណាវ៉ាត្រានៅតែបន្តសាងសង់ផ្ទះជនជាបន្តបន្ទាប់ដោយទំនួលខុសត្រូវ រហូតដល់បញ្ចប់គម្រោង៕