ថៃ ដែលធ្លាប់ជាអ្នកនាំចេញផ្លែទុរេនធំជាងគេបំផុតលើពិភពលោក ឥឡូវនេះ បានក្លាយជាប្រទេសដែលនាំចូលទុរេនធំបំផុតលំដាប់ទីពីររបស់ប្រទេសវៀតណាមវិញម្តង គិតក្នុងរយ:ពេល ៤ខែដំបូងនៃឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ក្នុងអំឡុងរយ:ពេល ៤ខែដំបូងឆ្នាំនេះ ប្រទេសថៃ បានចំណាយទឹកប្រាក់រហូតដល់ទៅ ២២,៤លានដុល្លារ ក្នុងការនាំចូលផ្លែទុរេនពីវៀតណាម ពោលគឺកើនឡើងដល់ទៅ ៨២% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។
ចំពោះតួលេខចុងក្រោយនេះ មានន័យថាថៃ ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចូលផ្លែទុរេនច្រើនបំផុតពីវៀតណាម បន្ទាប់ពីហុងកុង ដែលជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងការចំណាយទឹកប្រាក់សរុបចំនួន ៣,៦លានដុល្លារ។
ទន្ទឹមនឹងនេះ លោក Dang Phuc Nguyen ដែលជាអគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម (Vinafruit) បានពន្យល់ថា នាពេលថ្មីៗនេះ ប្រទេសថៃ បានព្យាយាមបង្កើនការនាំចូលផ្លែទុរេនពីវៀតណាម ដោយសារក្នុងអំឡុងពេលនោះ វៀតណាមជាប្រទេសតែមួយគត់ដែលផ្គត់ផ្គង់ផ្លែឈើប្រភេទនេះច្រើនជាងគេបំផុត នៅក្នុងពិភពលោក។
មិនតែប៉ុណ្ណោះ លោក Nguyen ក៏បានបន្ថែមឲ្យដឹងទៀតថា ទោះបីជាប្រទេសថៃ ជាអ្នកនាំចេញផ្លែឈើច្រើនជាងគេក៏ដោយ ប៉ុន្តែសម្រាប់ផ្លែទុរេនរបស់ពួកគេ ហាក់មានការថយចុះគួរឲ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដូច្នេះហើយទើបប្រទេសនេះ ត្រូវសម្រេចចិត្តទិញផ្លែឈើប្រភេទនេះពីប្រទេសផ្សេងៗ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងទេសចរណ៍៕