ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ជា ហាវ សមាជិកសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជំទាវឧកញ៉ា ជា ហាវ ត្រូវជាភរិយារបស់ អ្នកឧកញ៉ា សុខ ឆេង សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា, ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន P P D E&C Co., Ltd. ដែលជាក្រុមហ៊ុនអភិវឌ្ឍសាងសង់ភ្លើងបំភ្លឺសាធារណៈ, អគ្គនាយកក្រុមហ៊ុន YE Tak Group ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយជីកសិកម្មដ៏ធំមួយនៅកម្ពុជាតាំងពីឆ្នាំ២០០២, ក្រុមហ៊ុន Mekong Oryza Trading Co., Ltd. ដែលជាក្រុមហ៊ុននាំអង្ករចេញទៅក្រៅប្រទេស និងក្រុមហ៊ុន Longmate Agriculture Co., Ltd. ដែលជាក្រុមហ៊ុនដាំ និងនាំចេញចេកអំបូងលឿងទៅទីផ្សារអន្តរជាតិ។
ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» ខាងលើនេះ សមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែឧសភានេះ ក៏បានផ្ញើសារអបអរសាទរផងដែរ ដែលមានខ្លឹមសារដូច្នេះថា៖ “ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ជំទាវឧកញ៉ា ជា ហាវ សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ សូមជូនពរ ជំទាវអ្នកឧកញ៉ា ជា ហាវ និងអ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួង ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕