សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ សម្រាប់ប្រើប្រាស់រយៈពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ និងធានានិរន្តរភាពសមាគមសិល្បករខ្មែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសឲ្យដឹង ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធី «អ្នកស្នងមរតក» ក្រោមពាក្យស្លោក រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ។
ក្នុងពិធីខាងលើនេះដែរ សម្តេចធិបតី ក៏បានថ្លែងលើកទឹកចិត្តដល់សិល្បករ សិល្បការិនី គ្រប់ទម្រង់ចូលរួមចងក្រង ជាសមាគម ឬចូលជាសមាជិកសមាគមសិល្បៈដើម្បីប្រសិទ្ធភាព នៃការធ្វើការរួមគ្នា ក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាម ប្រពៃណីទំនៀមទម្លាប់របស់ដូនតាយើង។
សម្តេចធិបតី មានជំនឿថា «នាថ្ងៃអនាគតដ៏ខ្លី សមាគមនឹងបន្តក្លាយជាថ្នាល សម្រាប់ការបណ្តុះបណ្តាល, ផ្ទេរចំណេះដឹង, បទពិសោធ ពីសិល្បកររៀមច្បង មកសិល្បករ បន្តវេន»។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ផ្តោតអារម្មណ៍ឱ្យកាន់តែ ខ្លាំងទៅលើទ្រឹស្ដី «ចង្កឹះមួយបាច់ ដើម្បីពង្រឹងសាមគ្គីភាព និងភាពរឹងមាំ ព្រមទាំងដើម្បីពង្រឹងគោលដៅរួម និងជោគជ័យរួម»៕