អ្នកឧកញ៉ា សួរ វីរៈ រំពឹងថានឹងមានភ្ញៀវទេសចរ១លាននាក់ មកកម្សាន្ដនៅឧទ្យានជាតិគិរីរម្យ ក្នុងឆ្នាំ២០២៤

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានបង្ហាញក្ដីរំពឹងថា នឹងមានទេសចរប្រហែល​១លាននាក់នឹងមកកម្សាន្ដនៅឧទ្យានជាតិគិរីរម្យកម្ពុជា ក្នុងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីអ្នកឧកញ៉ា នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ បានដាក់ក្ដីរំពឹងនិងសង្ឃឹមទុកថាដូចខាងលើនេះ គឺបន្ទាប់ពីមានភ្ញៀវទេសចរដ៏ច្រើនសន្ធឹក​សន្ធាប់​បានអញ្ជើញទៅលេងកម្សាន្ដនៅឧទ្យានជាតិគិរីរម្យ ក្នុងថ្ងៃទិវាកុមារអន្ដរជាតិ១មិថុនា។

អ្នកឧកញ៉ាបានលើកឡើងថា «លើសពីការរំពឹងទុក ដោយសង្ឃឹមថានឹងមានទេសចរមកកម្សាន្ត ឧទ្យានជាតិ​គិរីរម្យកម្ពុជា ប្រហែល១លាននាក់ក្នុងឆ្នាំ២០២៤ ក្រោយការអភិវឌ្ឍរមនីយដ្ឋាន ឧទ្យានបោះតង់ រំដួលរីស៊ត រំហើយរីស៊ត និងការតំណរការធ្វើដំណើរ ការភ្ជាប់ប្រព័ន្ធផ្លូវ ភ្លើង និងសុវត្តិភាពជូនទេសចរជាតិ អន្តរជាតិ»។

អ្នកឧកញ៉ា បានបន្ថែមថា ការអភិវឌ្ឍដែលគិតដល់ប្រយោជន៍រួម តែងតែនាំមកនូវការរីកចម្រើនដល់សហគម។ ទន្ទឹមនឹងនោះ អ្នកឧកញ៉ា សង្ឃឹមថា វិនិយោគទុនក្នុងនិងក្រៅប្រទេសនឹងចូលរួមអភិវឌ្ឍន៍​ឧទ្យានជាតិគិរីរម្យ​កម្ពុជាជាមួយគ្នា ព្រោះអ្នកឧកញ៉ា យល់ថា អ្នកឧកញ៉ា និងដៃគូប្រកួតប្រជែងមិនមែនជាសត្រូវនឹងគ្នានោះទេ ប៉ុន្ដែជាអ្នកដែលចូលរួមការអភិវឌ្ឍប្រកបដោយនិរន្ដរភាព។

សូមជម្រាបជូនថា អ្នកឧកញ៉ា សួរ វីរៈ បានចូលរួមចំណែកប្រែក្លាយឧទ្យានជាតិគិរីរម្យ ទៅជាតំបន់ទេសចរណ៍​ធម្មជាតិចំនួន៣កន្លែងមានដូចជា ឧទ្យានជាតិបោះតង់គិរីរម្យ, រំដួលរីស៊ត និងរំហើយរីស៊ត ដែលបីទីតាំងនេះ សុទ្ធសឹងជា​ទីតាំងគោលដៅទេសចរណ៍សំខាន់ៗផងដែរ។

ឧទ្យានជាតិគិរីរម្យ ឬឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែល​សម្បូរ​​ទៅដោយសក្តានុពលធម្មជាតិ មានអាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល លម្អទៅដោយដើមស្រល់ធម្មជាតិ ជ្រោះ​ជ្រងដងអូរ និងទឹកធ្លាក់ជាច្រើនកន្លែង កំពុងសម្ងំលាក់ខ្លួន។ ឧទ្យានជាតិគិរីរម្យ ស្ថិតនៅចម្ងាយ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដីដែលមាន​ព្រៃឈើ​ប្រមាណ ៨ម៉ឺនហិចតា និងជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់នៅកម្ពុជា៕