កុលបុត្រ៩៣នាក់ បានសម្រេចបួសក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទិសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្ដឧណ្ណាលោម កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី៣ ខែមិថុនា។
កុលបុត្រដែលសម្រេចចិត្ដបួសមានចំនួន៩៣នាក់ នៅក្នុងនោះក៏ឃើញមានវត្ដមាន របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ផងដែរ ដោយបានបំបួសផ្ទាល់ ពីសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះប្រធាន គណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទិសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងតែប្រព្រឹត្ដឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមុខវត្ដបទុមវតីរាជវរារាម រាជធានីភ្នំពេញ។
ការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវឥស្សរសមណសង្ឃពហុស្សូតជាន់ខ្ពស់មួយព្រះអង្គ របស់សាសនា ជាព្រះបិតាសង្ឃ និងព្រះស្ថាបនិកព្រះសង្ឃ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា និងសង្គមជាតិ ប្រកបដោយព្រះស្មារតីទទួលខុសត្រូវខ្ពស់ និងក្នុងមួយព្រះជន្មរបស់សម្តេច បានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៍ អរិយធម៌ អក្សរសាស្រ្ត និងបានស្ថាបនានូវស្នាមព្រះហត្ថយ៉ាងច្រើនអនេកទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជនប្រើប្រាស់ ជាធនធានក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តទៅអនាគត៕