លោកអ្នកឧកញ៉ា លាង ឃុន ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង​ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានសមាគមឧកញ៉ាកម្ពុជា តំណាង​លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួម​ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់​បំផុតរបស់ព្រះ​ករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលអញ្ជើញចូលរួមពិធីខាងលើនេះ រួមមាន លោកអ្នកឧកញ៉ា លាង ឃុន, លោកអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា ស៊ី ហូហុយ, អ្នកឧកញ៉ា ហ៊ុន ឡាក់ ព្រមទាំង​អ្នកឧកញ៉ា សមាជិក​ក្រុមប្រឹក្សាភិបាលមួយចំនួន​ទៀត។

សូមបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលព្រះទិវង្គតនៅ​វេលា​ម៉ោង ៥៖៤០នាទីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សាដោយព្រះជរាពាធ។

ការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់​នូវឥស្សរសមណសង្ឃពហុស្សូតជាន់ខ្ពស់មួយព្រះអង្គ របស់សាសនា ជាព្រះបិតាសង្ឃ និងព្រះស្ថាបនិក​ព្រះសង្ឃ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា និងសង្គមជាតិ ប្រកបដោយ​ព្រះស្មារតីទទួលខុសត្រូវខ្ពស់ និងក្នុងមួយព្រះជន្មរបស់សម្តេច បានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញា​ញាណ​ក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៍ អរិយធម៌ អក្សរសាស្រ្ត និងបានស្ថាបនានូវស្នាម​ព្រះហត្ថយ៉ាងច្រើនអនេកទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជនប្រើប្រាស់ ជាធនធានក្នុងការរួម​ចំណែក​អភិវឌ្ឍសង្គមជាតិ តទៅអនាគត៕