សាលាអាមេរិកាំងហ្គោលឌិនហ្គេត នៅក្នុងឱកាសទិវាកុមារអន្ដរជាតិ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំកម្មវិធី ទិវាគ្រួសារលើកទី៥ ដើម្បីបណ្ដុះស្មារតី និងអប់រំប្អូនៗសិស្សានុសិស្ស យល់ដឹងពីតម្លៃនៃគុណូបការៈ របស់មាតាបិតាចំពោះបុត្រធីតា។
លោកជំទាវ ឧកញ៉ា ហេង សុគន្ធា អគ្គនាយិកា សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានឱ្យដឹងថា កម្មវិធីនៅថ្ងៃនេះធ្វើឡើងដើម្បីឱ្យសិស្សានុសិស្សបានយល់អំពីការដឹងគុណ កតញ្ញូតាធម៌ ចំពោះឪពុកម្ដាយតាំងពីក្មេង។ ទន្ទឹមនឹងនោះ ក៏មានគោលបំណងស្វែងរកថវិកាសម្រាប់មូលនិធិ របស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត ដើម្បីយកទៅជួយកសាងអគារសិក្សាមួយខ្នងនៅខេត្ដកំពង់ធំផងដែរ។
លោកជំទាវឧកញ៉ា បានបន្ដទៀតថា ក្រោយបញ្ជប់កម្មវិធីនេះ សិស្សានុសិស្សនឹងបានយល់ដឹងច្រើនពីគុណរបស់ឪពុកម្ដាយ តាមរយៈការបណ្ដុះបណ្ដាលតាំងពីក្មេងៗនេះទៅ។
ជាមួយនឹងការរៀបចំកម្មវិធីនេះឡើង អាណាព្យាបាលសិស្ស៣រូប បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលសាលាបានរៀបចំកម្មវិធីនេះឡើង។
លោក ម៉ៅ មីន ជាអាណាព្យាបាលសិស្ស បានមានប្រសាសន៍ថា បច្ចុប្បន្នលោកបាននាំបុត្រធីតាចំនួន៣នាក់មកសិក្សា។ លោកយល់ថា ការរៀបចំកម្មវិធី ទិវាគ្រួសារដែលសាលាបានរៀបចំនៅថ្ងៃនេះ គឺពិតជារំភើប ពីព្រោះជាការផ្ដល់ឱ្យនៅអ្វីដែលកូនចង់បាន ដោយគ្រប់គ្រួសារទាំងអស់ គឺចង់ឱ្យកូនមានចំណេះដឹង ដើម្បីបម្រើដល់សង្គមជាតិ។ មួយវិញទៀតការរៀបចំកម្មវិធីនេះ គឺបានដាស់តឿនដល់កូនៗគ្រប់រូបឱ្យគោរព ស្រឡាញ់ដល់អ្នកដែលបានផ្ដល់កំណើតឱ្យ។
លោកស្រី ឡាំ ដាវីន អាណាព្យាបាលសិស្សនៅសាលានេះក៏បានលើកឡើងដែរថា ការរៀបចំកម្មវិធីមួយនេះឡើងគឺល្អ ដោយធ្វើឡើងដើម្បីដឹងគុណឪពុកម្ដាយ។ លោកស្រីបន្ថែមទៀតថា ការដាក់កូនឱ្យសិក្សានៅទីនេះ បានធ្វើឱ្យកូនរបស់លោកស្រីមានភាពក្លាហានជាងមុន និងអាចនិយាយបានច្រើនជាងមុន។
លោកស្រី មាស សុផាវីស ក៏បានបង្ហាញអារម្មណ៍រំភើបផងដែរ ហើយលោកស្រីសប្បាយចិត្ដដែលសាលាបានបង្កើតកម្មវិធីនេះឡើង ព្រោះជាគោលបំណងរបស់ឪពុកម្ដាយគ្រប់រូប ដែលចង់ឱ្យកូនបានដឹងពីគុណនឹងទោស និងបានយល់ពីក្ដីស្រឡាញ់។
ស្របជាមួយគ្នានោះ យុវតី ណាលីណា កូកូលីន បានបង្ហាញអារម្មណ៍រីករាយ ដោយការរៀបចំនូវកម្មវិធីនេះពិតជាមានប្រយោជន៍ជាច្រើនបណ្ដុះស្មារតីដល់កូនៗបានរំលឹកដល់គុណមាតាបិតា។ យុវតីរូបនេះ ក៏បានថ្លែងអំណរគុណដល់អាណាព្យាបាលដែលបានផ្ដល់នូវអ្វីៗគ្រប់យ៉ាងមកឱ្យ។ ហើយជាការតបស្នង នាងបានខិតខំសិក្សារៀនសូត្ររហូតបានជាប់ចំណាត់ថ្នាក់លេខ១។
ទន្ទឹមនឹងនេះដែរ ណាលីណា កូកូលីន ក៏បានចែករំលែកនូវវីធីសាស្រ្ដក្នុងការសិក្សារៀនសូត្រដើម្បីបានក្លាយជាសិស្សពូកែ ដោយយុវតីរូបនេះបានលើកឡើងថា គឺត្រូវមានការហ្វឹកហាត់រហូត ត្រូវរៀនរាល់ថ្ងៃទើបបានទទួលចំណេះ។
កូនសិស្សម្នាក់តំណាងសិស្សជាច្រើនដែលបានឡើងសម្ដែងនៅលើឆាកបានបង្ហាញអារម្មណ៍ថា ខ្លួនមានក្ដីរំភើបនិងរីករាយជាខ្លាំងដែលបានសម្ដែងចំពោះមុខឪពុកម្ដាយ និងបានសម្ដែងបង្ហាញពីគុណរបស់ឪពុកម្ដាយ។ កុមារីរូបនេះ បាននិយាយទាំងអួលដើមកថ្លែងអំណរគុណចំពោះឪពុកម្ដាយដែលបានខិតខំរកលុយ មកឱ្យកូនបានរៀនៅសាលាល្អ ដោយបានចាយលុយអស់ជាច្រើន។
កុមារី ឃៀង ជូលី ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលសាលាបានរៀបចំកម្មវិធីនេះឡើងផងដែរ។
លោកជំទាវ ឧកញ៉ា ហេង សុគន្ធា អគ្គនាយិកានៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានគូសបញ្ជាក់ថាឱ្យដឹងថា មូលហេតុដែលអាណាព្យាបាលសិស្សនៅតែបន្ដគាំទ្រយ៉ាងច្រើនព្រោះថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានជ្រើសរើសបង្រៀនដោយផ្ដោតទៅលើគុណភាព វិន័យ និងសេចក្ដីថ្លៃថ្នូជាចម្បង។
ជាចុងបញ្ចប់ លោកជំទាវឧកញ៉ា បានផ្ដាំទៅសិស្សានុសិស្សគ្រប់រូបទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវមានភាពកតញ្ញូជាមួយឪពុកម្ដាយ ចេះចូលរួមចែករំលែក ជាពិសេសគឺត្រូវខិតខំសិក្សារៀនសូត្រ ពីព្រោះចំណេះជាទ្រព្យដែលនៅជាប់ខ្លួនប្រាណយើងជារៀងរហូតមិនអាចកាត់ថ្លៃបាន។ ជាពិសេសទៀតនោះ កូនៗដែលបានបញ្ចប់ការសិក្សាមិនថានៅសាលាអាមេរិកាំងហ្គោលឌិនហ្គេត ឬសាលាផ្សេងនោះទេ ដែលបានបន្ដការសិក្សានៅក្រៅប្រទេស ក្រោយពេលដែលរៀនបានចេះដឹងហើយ សូមត្រឡប់មកប្រទេសយើងវិញ ដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕
គួរបញ្ជាក់ផងដែរថា សាលាអាមេរិកាំងហ្គោលឌិនហ្គេតមានកម្មវិធីសិក្សាសំខាន់ៗដូចជា កម្មវិធីសិក្សា IB (PYP, MYP, DP) កម្មវិធីសិក្សាភាសាខ្មែរ កម្មវិធីសិក្សាអាមេរិកាំង និងកម្មវិធីសិក្សាភាសាចិន ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់មធ្យមសិក្សា។សាលាអាមេរិកាំងហ្គោលឌិនហ្គេត ជាសាលាអន្តរជាតិដែលមានការទទួលស្គាល់គុណភាពអប់រំ ពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេស មានការទទួលស្គាល់ និងសហការពីស្ថាប័នអប់រំសំខាន់ៗជាច្រើនដូចជា ស្ថាប័នអប់រំអន្តរជាតិ IB (The International Baccalaureate) ក្រុមប្រឹក្សាសាលាអន្តរជាតិ (The Council of International Schools – CIS) ស្ថាប័នអប់រំ College Board ដែលក្នុងនោះមានស្ថាប័នអប់រំសំខាន់ៗដូចជាស្ថាប័នអប់រំអន្តរជាតិ ACT ស្ថាប័នអប់រំអន្តរជាតិ AP និងស្ថាប័នអប់រំ SAT៕