កម្ពុជា-ថៃ កំពុងពន្លឿនកិច្ចព្រមព្រៀងគ្រប់គ្រងស្ពានមិត្តភាពនៅច្រកអន្តរជាតិស្ទឹងបត់-បានណងអៀន

សង្គម​ និង​សេដ្ឋកិច្ច

គណ:ប្រតិភូកម្ពុជា និងគណៈប្រតិភូថៃ បានបើកកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ ដើម្បីពិភាក្សាលើសេចក្តីព្រាង កិច្ចព្រមព្រៀងគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ នៅតំបន់ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនឱ្យបានឆាប់ សំដៅឈានទៅកំណត់ថ្លៃសេវាដឹកជញ្ជូនឆ្លងកាត់ស្ពានមិត្តភាពនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សារវាងភាគីទាំងពីរ បានធ្វើឡើងកាលពីចុងសប្តាហ៍ នាខេត្តសៀមរាប ក្រោមវត្តមាន លោក ហេង រត្នពិសិដ្ឋ អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចរចា កិច្ចព្រមព្រៀង ស្ពានមិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន) និងភាគីខាងថៃ ដឹកនាំដោយ លោក Tunwin Svasdisant នាយកនៃនាយកដ្ឋានសហប្រតិបត្តិការផ្លូវហាយវេអន្តរជាតិនៃអគ្គនាយកដ្ឋានផ្លូវហាយវេនៃព្រះរាជណាចក្រថៃ និងតំណាងគ្រប់អង្គភាពពាក់ព័ន្ធរបស់ភាគីថៃ។

ក្រសួងសាធារណការ បានឱ្យដឹងថាគោលបំណងនៃកិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ និងពិភាក្សាលើការកំណត់ថ្លៃសេវាដឹកជញ្ជូនឆ្លងកាត់ស្ពានមិត្តភាពនេះតាមសំណើរបស់ខាងភាគីថៃ ដើម្បីក្រសួង អាចលើកសំណើនេះជូនថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ពិនិត្យសម្រេច។

គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ ប្រទេសថៃ និងកម្ពុជា ធ្លាប់បានប្រកាសថា នឹងត្រៀមរៀបចំសម្ពោធបើកដំណើរការច្រកព្រំដែនបានណងអៀន-ស្ទឹងបត់ឆាប់ៗនេះ ដើម្បីជំរុញ និងបង្កើនពាណិជ្ជកម្ម ពិសេសជួយកាត់បន្ថយការកកស្ទះនៅច្រកត្រួតពិនិត្យព្រំដែនរវាងប្រទេសទាំងពីរ។

សូមរម្លឹកផងដែរថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចសាងសង់គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) នេះ ក្រោមឥណទានសម្បទានក្នុងទំហំ​ទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក កាលពីខែ កញ្ញាឆ្នាំ ២០២៣កន្លងទៅ៕ អត្ថបទ៖ រង្សី