អាជ្ញាធររបស់ប្រទេសជប៉ុន បានចំណាយទឹកប្រាក់ក្នុងចំនួនបំបែកកំណត់ត្រា ៩,៧៩ទ្រីលានយ៉េន (៦២,២៣ពាន់លានដុល្លារ) ដើម្បីធ្វើអន្តរាគមន៍លើតម្លៃប្រាក់យ៉េនដែលបានធ្លាក់ចុះខ្លាំង កាលពីខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
គួរឲ្យដឹងថា សម្រាប់ចំនួនទឹកប្រាក់ ៩,៧៩ទ្រីលានយ៉េន ដែលរដ្ឋាភិបានជប៉ុន បានចំណាយនៅចន្លោះថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ គឺលើសពីចំនួនទឹកប្រាក់អន្តរាគមន៍ដ៏ធំបំផុតលើកចុងក្រោយរបស់ប្រទេសជប៉ុនដែលមានតម្លៃប៉ាន់ស្មាន ៩,១ទ្រីលានយ៉េន កាលពីក្នុងអំឡុងខែកញ្ញាដល់ខែតុលា ឆ្នាំ២០២២។
លោក Daisaku Ueno ប្រធានក្រុមអ្នកយុទ្ធសាស្រ្ត FX ប្រចាំនៅក្រុមហ៊ុន Mitsubishi UFJ Morgan Stanley Securities បាននិយាយថា ៖ “នេះជាទំហំទឹកប្រាក់ចំណាយច្រើនជាងការរំពឹងទុក ដោយនេះបានបញ្ជាក់ពីការតាំងចិត្តរបស់ប្រទេសជប៉ុន ក្នុងការបន្ធូរបន្ថយការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន។ ហើយអាជ្ញាធរទំនងជានឹងបន្តចំណាយប្រាក់ច្រើនបន្ថែមទៀត លើការអន្តរាគមន៍នេះ “។
បើតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន កាលពីថ្ងៃសុក្រសប្តាហ៍មុន បានតម្លៃប្រាក់យ៉េនធៀបទៅនឹងប្រាក់ដុល្លារហាក់មានភាពល្អប្រសើរឡើងវិញភ្លាមៗ ក្រោយមានការអន្តរាគមន៍ បន្ទាប់ពីតម្លៃប្រាក់យ៉េនបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន រយៈពេល ៣៤ឆ្នាំចុងក្រោយ ជាមួយកម្រិត ១៦០យ៉េនក្នុងមួយដុល្លារ កាលពីថ្ងៃទី២៩ ខែមេសា។
ជម្រាបជូនផងដែរថា មានបញ្ហាជាច្រើនដែលធ្វើឲ្យតម្លៃប្រាក់យ៉េនចុះខ្សោយបែបនេះ គឺដោយសារតែការធ្លាក់ចុះទៅលើភាពធន់នៃសេដ្ឋកិច្ចអាមេរិក និងការពន្យារពេលក្នុងការបង្ហាញលទ្ធផលចំពោះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលជប៉ុន (BOJ) ជាដើម៕