ភ្ញៀវទេសចរចិន រំពឹងចាយលុយជិត ១ទ្រីលានដុល្លារ សម្រាប់ការធ្វើដំណើរកម្សាន្តក្នុងស្រុក

អន្តរជាតិ

ភ្ញៀវទេសចរចិន ដែលកំពុងជ្រើសរើសយកការធ្វើដំណើរកម្សាន្តនៅក្នុងស្រុកជាជាងចេញទៅក្រៅប្រទេស ត្រូវបានគេព្យាករថា នឹងបង្កើនប្រាក់ចំណូលដល់រដ្ឋាភិបាលចិន ក្នុងចំនួនប្រមាណ ៦,៧៩ទ្រីលានយ៉ន់ ​(ប្រហែលជិត ១ទ្រីលានដុល្លារ) នៅឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ និងដំណើរកម្សាន្តពិភពលោក រួមទាំង Oxford Economics បានបង្ហាញឲ្យដឹងថា សម្រាប់ការចំណាយរបស់ភ្ញៀវទេសចរក្នុងស្រុក នៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានការកើនឡើងដល់ទៅ ១១% បើធៀបទៅនឹងឆ្នាំ២០១៩ មុនពេលដែលមានជំងឺរាតត្បាតកូវីដ-១៩ ។

ទន្ទឹមនឹងនេះ ប្រធានក្រុមប្រឹក្សាទេសចរណ៍ពិភពលោក លោកស្រី Julia Simpson បាននិយាយថា ៖”ភ្ញៀវទេសចរចិន ចាប់ផ្តើមធ្វើដំណើរកម្សាន្តម្តងទៀត ហើយចំនួននេះនឹងបន្តកើនឡើង ស្របពេលវិស័យទេសចរណ៍ក្នុងស្រុកបានបង្ហាញពីភាពធន់ និងការងើបឡើងវិញយ៉ាងខ្លាំង” ។

គួរឲ្យដឹងផងដែរថា ដោយសារតែមានការពិបាកក្នុងការទទួលបានទិដ្ឋាការសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសដូចជាសហរដ្ឋអាមេរិក និងជើងហោះហើរអន្តរជាតិមានតម្លៃថ្លៃ បានធ្វើភ្ញៀវទេសចរចិន ងាកមកចាប់យកការធ្វើដំណើរនៅក្នុងស្រុកជំនួសវិញ នៅក្នុងថ្ងៃឈប់សម្រាកធំៗ។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលចិន ក៏បានព្យាយាមទាក់ទាញភ្ញៀវទេសចរបរទេសផងដែរ ដោយបានបន្ធូរបន្ថយការរឹតបន្តឹងលើទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី រួមជាមួយនឹងបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន និងអ្នកដំណើរតាមកប៉ាល់ទេសចរណ៍ ក្នុងគោលបំណងជំរុញទាំងវិស័យទេសចរណ៍ និងការវិនិយោគ៕