អ្នកបង្កើតមាតិកាមួយរូបបង្កើតគម្រោងកម្មវិធីជិះកង់រយៈពេល១ឆ្នាំ ពីទ្វីបអាស៊ីទៅទ្វីបអឺរ៉ុប ដើម្បីសប្បុរសធម៌រៃអង្គាសថវិកាជួយដល់កុមារកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពី «កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» “Travel with Rith – Travel the World by Bicycle” ដោយ លោក ទីវ តារារិទ្ធិ អ្នកបង្កើតមាតិកា និងជាអ្នកផ្សងព្រេងឯករាជ្យក្នុងការបង្កើតនូវគម្រោងកម្មវិធីជិះកង់ ដើម្បីសប្បុរសធម៌សម្រាប់រៃអង្គាសថវិកាជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរ និង មន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការធ្វើសន្និសីទសារព័ត៌មាននេះ ជាការជួយផ្សព្វផ្សាយ និងការគាំទ្រនូវគម្រោងសប្បុរសធម៌មួយនេះ ដោយផ្ដោតលើពីរចំណុចសំខាន់ ដោយចំណុចទី១ គឺជាការលើកទឹកចិត្ដដល់យុវជនក្នុងការធ្វើសកម្មភាពមនុស្សធម៌ដែលជាការចូលរួមលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ដក្នុងការជួយដល់កុមារកម្ពុជា។ ចំណុចទី២ គឺបង្ហាញពីយុវជនខ្មែរម្នាក់ដើរនៅតាមបណ្ដាប្រទេសចាប់តាំងពីទ្វីបអាស៊ី រហូតដល់ទ្វីបអឺរ៉ុបដោយយកទង់ជាតិរបស់កម្ពុជា ដើម្បីបង្ហាញឱ្យគេស្គាល់ប្រទេសរបស់យើង ដែលសម្មភាពនេះក៏ជាមោទនភាពសម្រាប់ជាតិខ្មែរយើងដែរ។

សូមបញ្ជាក់ថា «កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» ជាការផ្តួចផ្តើម និងបង្កើតឡើងដោយលោក ទីវ តារារិទ្ធិ អ្នកបង្កើតមាតិកា និងជាអ្នកផ្សងព្រេងឯករាជ្យ។កម្មវិធីជិះកង់នេះ គ្រោងនឹងចេញដំណើរពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ មានរយៈពេលមួយឆ្នាំពេញ ដោយចេញដំណើរពីខេត្តសៀមរាប ឆ្ពោះទៅបណ្តាប្រទេសនានាក្នុងអាស៊ី មានដូចជា ឡាវ ថៃ ឆ្ពោះទៅប្រទេសបង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន អ៊ឺរ៉ង់ និងឆ្ពោះទៅទ្វីបអឺរ៉ុប ដូចជាប្រទេសទួកគីជាដើម។

សូមជម្រាបបន្ថែមថា គម្រោងកម្មវិធីជិះកង់សប្បុរសធម៌ “Travel with Rith – Travel the World by Bicycle” ឆ្លងកាត់ប្រទេសចំនួន ២៥ ប្រទេស ពីទ្វីបអាស៊ីទៅទ្វីបអឺរ៉ុប ដើម្បីលើកកម្ពស់ការយល់ដឹង និងរៃអង្គាសថវិកាសម្រាប់ជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរ។លោក ទីវ តារារិទ្ធិ ធ្លាប់បានបញ្ជាក់ថា គោលបំណងនៃការជិះកង់នៅប្រទេសចំនួន២៥ប្រទេសនេះ គឺចង់បាន ២៥ម៉ឺនដុល្លារ ដើម្បីប្រគល់ជូនដល់មន្ទីរពេទ្យ ដែលកំពុងបំពេញបេសកកម្មជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា ជាពិសេសគឺការវះកាត់កុមារដែលកើតជំងឺមហារីក ដោយឥតគិតថ្លៃ។

លើសពីនេះ ការជិះកង់ ធ្វើដំណើរផលិតវីដេអូ ថតរូបឯកសារនេះ ក៏បានចូលរួមចំណែកជួយដល់សង្គម និងបានរៃអង្គាសប្រាក់ជួយដល់កុមារកម្ពុជា ខណៈលោកក៏បានអំនាវដល់សប្បុរសជននានាចូលរួមគាំទ្រ និងឧបត្ថម្ភ បរិច្ចាគជាថវិកា បើទោះតិចក្ដី ច្រើនក្ដី ដើម្បីជួយដល់កុមារកម្ពុជា ដែលកំពុងមានជំងឺ ក្នុងការព្យាបាល និងវះកាត់នៅក្នុងមន្ទីរពេទ្យផងដែរ។

អ្នកបង្កើតមាតិកា និងជាអ្នកផ្សងព្រេងរូបនេះ ក៏ធ្លាប់បានគូសបញ្ជាក់ថា ការធ្វើដំណើរជិះកង់របស់លោកក្នុងមួយថ្ងៃ បើផ្លូវល្អស្អាត ធម្មតា អាចជិះកង់បានចាប់ពី១០០ គីឡូម៉ែត្រ ទៅ១៤០ គីឡូម៉ែត្រ តែបើផ្លូវឡើងភ្នំ ក្នុងមួយថ្ងៃ អាចជិះបានប្រមាណ៤០ ទៅ ៥០ គីឡូម៉ែត្រ ហើយបើថ្ងៃខ្លះមានភ្លៀងធ្លាក់ ឬអាកាសធាតុមិនល្អ យើងជិះក៏មិនអាចជិះកង់ច្រើនគីឡូម៉ែត្រដែរ៕