ក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រតិភូនៃការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) បានបង្កើតកិច្ចប្រជុំរួមគ្នា ដើម្បីជជែកពិភាក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើគម្រោងនានា ពិសេសពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។
កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងកាលនារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានលោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកស្រី អ៊ីដា ក្រាចា (Ms. Eda KRAJA) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ នៃ UNOPS។
ក្រសួងសាធារណការ បានឱ្យដឹងថា កិច្ចពិភាក្សានេះ គឺភាគីទាំងពីរ បានធ្វើការជជែកពិភាក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើគម្រោងនានាដែលអាចនឹងត្រូវការជំនួយបច្ចេកទេស នៃការគ្រប់គ្រងគម្រោង និងកិច្ចលទ្ធកម្ម ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក៏ដូចជាវិស័យភស្តុភារកម្ម សុវត្ថិភាពចរាចរណ៍ ការកសាងមូលធនមនុស្ស និងការកសាងបទដ្ឋានច្បាប់ផងដែរ។
គួរបញ្ជាក់ដែរថា នេះគឺជាជំនួបលើកទី២របស់ប្រតិភូ UNOPS បន្ទាប់ពីជំនួបសម្តែងការគួរសម និងធ្វើការណែនាំខ្លួនបន្ទាប់ពីទទួលបានការតែងតាំង ទៅកាន់ ឯកឧត្តមរដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈនេះយើងកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 (CIT-MP) ដែលជាការរួមបញ្ចូលគ្នានៃផែនការមេការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ ភស្តុភារកម្ម និងការដឹកជញ្ជូនអន្តរកម្ម។
ក្រសួងបន្ថែមទៀតថា គម្រោងរអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន១៥០ ត្រូវបានដាក់បញ្ចូលទៅក្នុង CIT-MP ដែលត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារអាមេរិក នឹងត្រូវអនុវត្តក្នុងរយៈពេល ១០ឆ្នាំខាងមុខ៕ អត្ថបទ៖ រង្សី