លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងនៅលើបណ្តាញសង្គមផ្លូវការថា គិតត្រឹមម៉ោង ៥:០០ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគពីបងប្អូនប្រជាពលរដ្ឋចំនួន ៩៩.៩៦៥ នាក់ សរុបជាទឹកប្រាក់ចំនួន ១.១៦៤.០៤៧ ដុល្លារអាមេរិក។
ជាមួយគ្នានោះ លោកជំទាវបណ្ឌិត បានគោរពថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព“ខ្មែរជួយខ្មែរ” របស់ប្រជាជាតិខ្មែរទាំងមូល។
លើសពីនោះ លោកជំទាវក៏បានអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។
សូមបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា មានរយៈពេល ១ខែពេញ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញជាអធិបតីក្នុងពិធីបើក យុទ្ធនាការនេះ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។
នាពេលកន្លងមក, យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ទទួលបានការគាំទ្រយ៉ាងផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងអ្នកចូលរួម ដើម្បីធានានិរន្តរភាពរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យជាតិដែលបាន និងកំពុងពិនិត្យ និងព្យាបាលទារក និងកុមាររាប់លានករណី ជាមួយនឹងចំណាយថវិកាប្រចាំឆ្នាំចំនួនប្រមាណ ៤០ លានដុល្លារអាមេរិក៕