ឧកញ៉ា តែ តាំងប៉ ដឹកនាំប្រតិភូចូលជួបជាមួយលោក សុន ចាន់ថុល ស្នើសុំបន្ថែមការយកចិត្តទុកដាក់ដល់វិស័យឯកជន ពិសេសសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានដឹកនាំប្រតិភូ សមាជិក សមជិកា ក្រុមប្រឹក្សាភិបាល អញ្ជើញចូលជួបសម្ដែងការគួរសម ជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូ ជាសមាជិក សមាជិកា នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំការចង្អុលបង្ហាញ និងកិច្ចសហការនានារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង FASMEC ដើម្បីឱ្យស្ថាប័នទាំងពីរអាចសហការរួមគ្នា លើកកម្ពស់ការចូលរួមពីវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនដល់គណៈប្រតិភូសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អំពីភារកិច្ចការងាររបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួរនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញ និងសម្របសម្រួលកិច្ចការងារវិនិយោគិនជូនវិនិយោគិន អាស្រ័យដោយហេតុថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកផ្នែកឯកជនគឺជាក្បាលម៉ាស៊ីនដ៏សំខាន់ ជាចំណែកជំរុញភាពរីកចម្រើនរបស់សង្គមជាតិ។

ឆ្លៀតនាឱកាសនោះ ឧកញ៉ា តែ តាំងប៉ ក៏បានអនុញ្ញាតគោរពស្នើសុំលោក ស៊ុន ចាន់ថុល ពិនិត្យលទ្ធភាពអនុញ្ញាតឱ្យមានការរៀបចំជាទម្រង់នៃកិច្ចសហការណាមួយរវាងស្ថាប័នទាំងពីរ ដើម្បីជំរុញតភ្ជាប់ទំនាក់ទំនង និងផ្ដល់ឱកាសបន្ថែមដល់វិនិយោគិនកម្ពុជា ពិសេសក្នុងសហគ្រាសធុនតូច និងមធ្យមផងដែរ។

បន្ថែមពីនេះ លោកឧកញ៉ា បានគោរពស្នើសុំទៅស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ថែមការយកចិត្តទុកដាក់ដល់វិស័យវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រៅអំពីវិនិយោគិនដោយផ្ទាល់ពីបរទេសដែលចូលមកវិនិយោគនៅកម្ពុជា ដើម្បីជាការគាំទ្រ និងផ្ដល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលផងដែរ៕