កម្ពុជា-កាណាដា បានឱ្យដឹងថា ប្រទេសទាំងពីរមានទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងមកហើយ ហើយភាគីទាំងពីរ បានប្តេជ្ញា នឹងបន្តជំរុញទំនាក់ទំនងទ្វភាគីឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលទំហំវិនិយោគដោយផ្ទាល់មានរហូតដល់ជាង ២ ពាន់លានដុល្លារផងដែរ។
នេះបើយោងតាមជំនួបគួរសម និងពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Kelvin K. Mo ប្រធានសភាពាណិជ្ជកម្មក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា កាលព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា កម្ពុជា និងកាណាដា មានទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងមកហើយ
មិនតែប៉ុណ្ណោះប្រទេសកាណាដា ជាដៃគូដ៏សំខាន់របស់កម្ពុជា ទាំងការស្វែងរកសន្តិភាពនាពេលអតីតកាល និងការកសាងសេដ្ឋកិច្ច ដោយ កាណាដា គឺជាដៃគូពាណិជ្ជកម្មលេខរៀងទី៨ របស់កម្ពុជា។
បើតាមសម្តេចធិបតី បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ ទំហំវិនិយោគដោយផ្ទាល់(FDI) ពីប្រទេសកាណាដា មានទំហំរហូតដល់ ២ ០៦២ពាន់លានដុល្លារ បូករួមជាមួយនឹងគំនិតផ្តួចផ្តើមចូលក្នុងទីផ្សារកាណាដា ដែលផ្តល់នូវកូតាក្នុងការលើកលែងពន្ធដល់កម្ពុជា លើមុខទំនិញដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ។
សូមបញ្ជាក់ដែរថា រយៈពេល៤ខែ ឆ្នាំ២០២៤ ពោលគឺចាប់ពីខែមករា ដល់មេសា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអនុម័តគម្រោងសរុបបានចំនួន១២៨ គម្រោង ក្នុងទំហំទុនវិនិយោគសរុបមាន១.៩ពាន់លានដុល្លារអាមេរិក ចំនួននេះកើនឡើង ៩៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ដោយឡែក ក្នុងរយៈពេល៨ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងសរុបបានចំនួន២៣២ ដែលមានទំហំទុនវិនិយោគសរុបមានជាង៥ពាន់លានដុល្លារអាមេរិក។យ៉ាងមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែអះអាងថា រាជរដ្ឋាភិបាល នៅតែប្តេជ្ញាបន្តជំរុញ និងគោះទ្វារបណ្តារវិនិយោគបន្ថែម ដើម្បីបង្កើនការបោះទុនវិនិយោគដោយផ្ទាល់នៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕ អត្ថបទ៖ រង្សី